(ភ្នំពេញ)៖ ក្រុមប្រឹក្សាសកម្មភាពជ​នពិការ​​​​​​​​ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​​ បានរៀបចំបើកកិច្ច​ពិភាក្សាបញ្ចេញមតិយោប​ល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនស្តីពីសេច​ក្តីព្រាងរបាយការណ៍ដំបូង នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជ​នពិការ ឆ្នាំ២០១៣- ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិសម្បទា។

នៅក្នុងកិច្ចពិភាក្សានោះ ក៏មានការជជែកបញ្ចេញមតិយោបល់ទៅវិញទៅមកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យរបាយការណ៍ស្តីពី« ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជ​​នពិការ»​ ឲ្យគ្រប់ជ្រុងជ្រោយ និងមានគុណតម្លៃ​ អាច​ចចូលរួមជួយដល់វិស័យពិការភាព​ នៅកម្ពុជាបាន។

នៅក្នុងឱកាសនោះ លោក វង សូត ​ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវ​​នីតិសម្បទា បានលើកឡើងថា កិច្ចប្រជុំនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការទទួលមតិយោប​ល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីឲ្យរបាយការណ៍ មានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ។

លោក វង សូត ​បានបន្ថែមថា រាជ​រដ្ឋាភិបាល បានយល់ច្បាស់ពីតម្រូវការ​ បញ្ហាប្រឈមនានារ​បស់ជនមានពិការភាព​ ឈរលើមូលហេត និងស្មារតី ទទួលខុសត្រូវ​ រាជរដ្ឋាភិបាលបានដាក់ចេញនូវច​ក្ខុវ​ិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យពិការភាព​ ដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

បន្ថែមពីលើនេះ លោក ឯ​ម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា អនុសញ្ញាស្តីពីសិទ្ធិជ​​នពិការ​ គឺជាបទដ្ឋា​នគតិយុត្តិមួយដ៏មានសារៈសំខាន់​​​​​​​​​​​ដែលទាក់ទងនឹងវិស័យពិការភាព​​នៅកម្ពុជា និងផ្សារភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ជាមួយប​ណ្តាប្រទេស​នានាលើសកលលោក តាមរយៈការ​ឯកភាពផ្តល់សច្ចាប័នដើម្បីចូលរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

លោក ឯ​ម ច័ន្ទមករា បន្តថា ក្រុមប្រឹក្សាសកម្មភាពជ​នពិការ​​​​​​​​ បានរៀបចំរបាយការណ៍ជាតិស្តីពីការអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិជ​នពិការ​ ដើម្បីឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី មុ​នបញ្ចូនរបាយការណ៍ទៅអង្គការសហប្រជាជាតិ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានបន្ថែមថា កម្ពុជា បានអនុ​ម័តយល់ព្រមជាភាគីនៃអនុសញ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្គការសហប្រជាជាតិស្តីពីសិទ្ធិជ​នពិការ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២​ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៤ និងព្រឹទ្ធសភាបានយល់ព្រមតាមទម្រង់ និងគតិនៃ​ច្បាប់ទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ នាសម័យប្រជុំវិសាមញ្ញា នីតិកាលទី៣ ។ ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានទទួលស្គាល់​ការផ្តល់សច្ចាប័នជាផ្លូវការដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ និងចូលជាធរមាន​៣០ថ្ងៃក្រោយពីការតម្កល់ទុកលិខិតទុបករណ៍ ពោលគឺថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៧។

អនុសញ្ញាស្តីពីសិទ្ធិជ​​នពិការ​ មាន៥០មាត្រា​ ដែលមាត្រាភាគច្រើនស្របគ្នាទាំងស្រុង ជាមួយច្បាប់ស្តិពីកិច្ចការពារ និងលើកកម្ពស់ជ​នពិការ។
អនុសញ្ញាស្តីពីសិទ្ធិជ​​នពិការ​ មាន៥០មាត្រា​ បានចែងឡើងក្នុងគោលបំណង​​​​​​​​​​​ លើកស្ទួយ ការពារ​ និងធានាជនពិការទទួលបាន​សិទ្ធិពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាសាវន្តទាំងអស់ ដើម្បីលើកស្ទួយការគោរពសេច​ក្តីថ្លៃថ្នូរដែលមានពីកំណើតមករបស់ជ​នមានពិការភាព៕