(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តាំផ្ញើប្រតិភូយុវជនកម្ពុជា ដែលនឹងទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៥ ខិតខំផ្សព្វផ្សាយឱ្យបានច្រើន អំពីយុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា (CTIS), សមិទ្ធផលការងារក្រសួងពាណិជ្ជកម្ម និងផលិតផលសក្តានុពលនាំចេញសំខាន់ៗ ទៅដល់យុវជនមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ដើម្បីរួមចំណែកលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
«ក្មួយៗត្រូវចេះផ្សព្វផ្សាយគោលនយោបាយវិនិយោគ, គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់យុវជននៃប្រទេសទាំងអស់ ពីព្រោះប្រទេសកម្ពុជា ត្រូវការគម្រោងវិនិយោគធំៗជាច្រើនថែមទៀត ដើម្បីធ្វើពិពិធកម្មឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រទេសជាតិ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
បណ្តាំរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូយុវជនកម្ពុជាចំនួន ២៩នាក់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងកិច្ចការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់រាជដ្ឋាភិបាលកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានរម្លឹកប្រាប់ប្រតិភូយុវជន អំពីដំណាក់កាលសំខាន់ៗនៃការកសាង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ CTIS ជំនាន់ទី១ ឆ្នាំ២០០១ និងជំទាន់ទី២ ឆ្នាំ២០០៧ ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក, ការបង្កើតអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) ឆ្នាំ២០០៨ ដើម្បីកៀងគរជំនួយសម្រាប់ពាណិជ្ជកម្ម, ការអនុវត្តគោលនយោបាយ និងកំណែទម្រង់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីការពារអត្ថប្រយោជន៍វិស័យឯកជន និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានស្នើប្រតិភូយុវជនកម្ពុជា ប្រកាន់ខ្ជាប់នូវអត្តសញ្ញាណ និងវប្បធម៌ ប្រពៃណី សីលធម៌ និងអត្តចរិកថ្លៃថ្នូរ ដើម្បីស័ក្តិសមជាយុវជនតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អជាមួយយុវជននៃប្រទេសចូលរួមទាំងអស់។
លោករដ្ឋមន្ត្រី ក៏បានជំរុញប្រតិភូយុវជនកម្ពុជាទាំងអស់ ធ្វើការតាមដានគេហទំព័រ និងកម្មវិធីបណ្តាញសង្គម Facebook និង YouTube របស់ក្រសួងពាណិជ្ជកម្ម ឬទំនាក់ទំនងផ្ទាល់ជាមួយអង្គភាពសាធារណៈនៃខុទ្ទកាល័យ ដើម្បីទទួលបានព័ត៌មានថ្មីៗ ស្តីពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងសមិទ្ធផលទាក់ទងវិស័យពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៧៤ ដោយរាជរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្តល់ឱកាសដល់យុវជន បានចូលរួមក្នុងសកម្មភាពទំនាក់ទំនងអន្តរជាតិ ការរៀនធ្វើការជាក្រុម និងការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងផ្សេងៗ។ សម្រាប់ឆ្នាំ២០១៨នេះ កម្មវិធី SSEAYP នឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេល ៥២ថ្ងៃ ហើយប្រតិភូយុវជនចូលរួមទាំងអស់ នឹងត្រូវជួបជុំគ្នានៅក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយបន្តដំណើរតាមផ្លូវទឹក ទៅកាន់ប្រទេសប្រ៊ុយណេ ហ្វីលីពីន កម្ពុជា ថៃឡង់ដ៍ និងវៀតណាម៕