Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ប្រមូលទំនិញគ្មានគុណភាព និងទំនិញមានផ្ទុកសាធាតុគីមី​ជាង១តោន ដុតកម្ទេចចោល (Video inside)

18-10-2018 15:13

(បន្ទាយមានជ័យ)៖ ទំនិញខូចគុណភាព និងមានផ្ទុកនូវសារធាតុគីមីជាង១តោន ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ប្រមូលដុតកម្ទេចចោល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។

លោក​សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានថ្លែងថា ទំនិញទាំងអស់នេះ ​គឺប្រមូលពីអាជីវក តាមច្រកទ្វារ តាមគេហដ្ឋាន ក្នុងយុទ្ធនាការ ទប់ស្កាត់ បង្ការ និងបង្ហាត់បង្រៀនចំណេះដឹងបញ្ហា មុខទំនិញមានសុវត្ថិភាពក្នុងខេត្ត។

លោក​ សាន វិជ្ជាសារ៉ាវុធ បានបន្តថា អស់រយៈពេលប្រមាណខែនេះ​ ប្រជាជនយើងបានយល់ដឹងច្បាស់លាស់ក្នុងការទិញ មុខទំនិញណា​ដែលមានសុវត្ថិភាព ប្រមាណ៧០ភាគរយហើយ។ តែយ៉ាងណាមិញមន្ត្រីជំនាញយើងនៅតែបន្តទប់ស្កាត់បង្ការ បង្ក្រាបមុខទំនិញណា ហាមឃាត់ជាដាច់ខាត់ ដើម្បីសុខមាលភាពជូនពលរដ្ឋ។

លោក វិន វិដា មន្ត្រីកាំកុងត្រូលជំនាញអ្នកឯកទេសពិនិត្យទំនិញខេត្ត បានប្រាប់ថា សារធាតុបូរ៉ាក គេមិនអនុញ្ញាតប្រើប្រាស់លើមុខម្ហូបអាហារ បរិភោគឡើយ គឺគេហៅថា ទឹកអន្សារ គឺសម្រាប់ប្រើក្នុងវិស័យគ្រឿងអលង្ការ វិស័យសំណងដែលសម្រាប់ផ្សារភ្ជាប់នៅឧបករណ៍ ដែលយើងប្រើប្រាស់ ប៉ុន្តែអាជីវករយើងគិតថា ជាសាធាតុរក្សាឱ្យស្វិត ហេតុនេះ ហើយបានជាអាជីវកយល់ច្រឡំយកប្រើប្រាស់តែម្តង។ តែពួកគាត់មិនថា សារធាតុនេះបង្កប៉ះពាល់ដល់សុខភាពមនុស្សឡើយ វាបង្កឱ្យខូចប្រព័ន្ធរំលាយអាហារ ក្រលៀន ក្រពះ ថ្លើម ប្រសិនយើងប្រើប្រាស់ច្រើនយូទៅៗ បង្កស្លាប់តែម្តង៕