(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៥៧០គ្រួសារ ក្នុងឃុំទាំង២ នៃស្រុកតាវែង ខេត្តរតនគិរី។
ការនាំអំណោយមនុស្សធម៌នេះអមដំណើរដោយលោក លោកស្រី ជា សមាជិកសមាជិកា គណៈកម្មាធិការសាខា លោក លោកសី ប្រធានមន្ទីរពាក់ព័ន្ធ ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងសហការី យ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនេះដែរលោក ថង សាវុន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
អភិបាលខេត្ត ក៏បានផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឱ្យមូសខាំ ជាហេតុនាំឱ្យកើតមានជំងឺគ្រុនចាញ់ គ្រុនឈាម និងជម្ងឺឆ្លងផ្សេងៗ។
ពលរដ្ឋទាំង៥៧០គ្រួសារ ដែលផ្តល់ជូនអំណោយនាពេលនោះ ក្នុងមួយគ្រួសារទទួលបាននអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, មុង១, សារុង១, ភួយ១, ក្រមា១ និងអាវយឺត១៕