(ភ្នំពេញ)៖ ដោយកំណើនសិស្សកាន់តែច្រើន ព្រមទាំងសាលាមានគុណភាព នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ប៊ែលធី បានប្រារព្ធពិធីសូត្រមន្ត បើកឲ្យដំណើរការជាផ្លូវការ សាលាប៊ែលធីអន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប) ស្ថិតនៅផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកស្រី។
អគារប៊ែលធីទី១៩នេះ មានកម្ពស់៨ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណត និងមានបន្ទប់សិក្សា៧០បន្ទប់ ដែលមានសិស្សចុះឈ្មោះចូលរៀន ប្រមាណ៦០០នាក់ និងមានកម្មវិធីសិក្សាធំៗ ចំនួន៥ដូចជា៖
១៖ ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២), ២៖ ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត), ៣៖ កម្មវិធីគណនាលេខរហ័ស IMA, ៤៖ វគ្គបណ្តុះបណ្តាលកុំព្យូទ័រ, ៥៖ ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)។
សាលាប៊ែលធីអន្តរជាតិ ក៏បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ១៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ, ២៖ កម្មវិធីពង្រឹងស្មារតី, ៣៖ កម្មវិធីទស្សនកិច្ចសិក្សា, ៤៖ កម្មវិធីសិក្សាតាមទូរទស្សន៍, ៥៖ កម្មវិធីប្រឡងសំណេរ, ៦៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា, ៧៖ កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៨៖ កម្មវិធីកីឡា។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨នេះ សិស្សប៊ែលធីថ្នាក់ទី១២ បានបន្តរក្សាជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេស ៤ឆ្នាំជាប់ៗគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមានសិស្ស ៤២នាក់ ទទួលបាននិទ្ទេស A ហើយបានទទួលអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅសាកលវិទ្យាល័យដៃគូល្បីៗ របស់ប៊ែលធី នៅជុំវិញពិភពលោក ដូចជា៖ សហរដ្ឋអាមេរិក, កាណាដា, ជប៉ុន, សឹង្ហបុរី, ចិន, ថៃ, ម៉ាឡេស៊ី ជាដើម។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់ មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់ គ្រងសាខានីមួយៗ ដែលធ្វើឲ្យសិស្សានុសិស្ស ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់៕