(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ពិសេសអាជ្ញាធរខណ្ឌឬស្សីកែវ ត្រូវបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ការរៀបចំសណ្តាប់ធ្នាប់ និងការទប់ស្កាត់ជនអន្តោប្រវេសន៍ ដែលរស់នៅតាមដងទន្លេសាប រួមនិងការថែរក្សាបរិស្ថានទន្លេឲ្យបានល្អប្រសើរ។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខណ្ឌឬស្សីកែវ នៅសាលាខណ្ឌឬស្សីកែវ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានអនុញ្ញាតឲ្យមន្ត្រីរដ្ឋបាលខណ្ឌឬស្សីកែវ លើកឡើងពីកង្វល់ និងបញ្ហាប្រឈមខ្វះចន្លោះដើម្បីរិះរកវិធីបំរើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុន ហើយក្នុងឱកាសនោះ លោក លោកស្រីជាចៅសង្កាត់ ចៅសង្កាត់រង ក៏បានលើឡើងពីបញ្ហាកង្វល់មួយចំនួនផងដែរ ដើម្បីឲ្យអាជ្ញាធររាជធានីជួយសម្រួល ដោយមានទាំងបញ្ហា ការផ្តល់សេវាជូនប្រជាពលរដ្ឋ លូ សំរាម ការកសាងស្នាក់ការប៉ុស្តិ៍-សង្កាត់ទើបបង្កើតថ្មីជាដើម។
លោក ឃួង ស្រេង បានថ្លែងថា គោលបំណងដែលលោកមកជួបបងប្អូនមន្ត្រីរបស់ខណ្ឌឬស្សីកែវនៅពេលនេះ គឺដើម្បីសួរសុខទុក្ខ មន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះ ដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបំរើប្រជាពលរដ្ឋឲ្យរឹងរឹតតែល្អប្រសើរឡើងថែមទៀត។
លោក ឃួង ស្រេង ក៏បានសម្តែងការកោតសរសើរ ចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។
ប៉ុន្តែទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌឬស្សីកែវក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមាន បញ្ហាសណ្តាប់ធា្នប់ មិនទាន់រៀបចំបានល្អប្រសើរនូវឡើយ, ប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរណ៍, បញ្ហាគ្រឿងញៀននៅតែកើតមាន, ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានា ក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។
លោក ឃួង ស្រេង បញ្ជាក់ថា នៅភ្នំពេញមានកន្លែងសប្បាយភាព២៦៤២ទីតាំង ក្នុងនោះសម្រាប់ខណ្ឌឬស្សីកែវ ក៏មានក្លឹបកំសាន្ត កន្លែងសប្បាយភាពច្រើនដែរ ដែលអាជ្ញាធរ ត្រូវណែនាំឲ្យម្ចាស់ក្លឹបកំសាន្តទាំងអស់នោះ បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ។ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បើទីតាំងណាមានបទល្មើសគ្រឿងញៀន ទីតាំងនោះត្រូវតែបិទចោល ហើយម្ចាស់ទីតាំងក៏ត្រូវប្រឈមនឹងការមានទោសទណ្ឌថែមទៀត។
ក្រៅពីនេះលោក ឃួង ស្រេង ក៏បានជំរុញឲ្យមានការបង្គារទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះសន្តិសុខនេះ ជាតម្រូវការចាំបាច់ និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង នូវបានដាក់ចេញជាផែនការចំនួន១៣ចំណុចបន្ថែម ដើម្បីឲ្យអាជ្ញាធរខណ្ឌឬស្សីកែវអនុវត្តបន្ត ក្នុងនោះ មានទាំង មិនអនុញ្ញាតឲ្យផ្លូវជាតិលេខ៥ ចតយានយន្តនៅលើទ្រូវផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងធ្វើឲ្យកកស្ទះចារចារ។ ការរឹតបណ្តឹងច្បាប់ចរាចរណ៍ ដោយត្រូវកោះហៅអ្នកពាក់ព័ន្ធមកប្រជុំ ដើម្បីមានវិធានការលើបញ្ហានេះ។ យកចិត្តទុកដាក់លើបញ្ហា លូស្ទះ និងបញ្ហាកកស្ទះសំរាម។
លោកបញ្ជាក់ថា «ដាច់ខែនេះយើងនឹងបើកយុទ្ធនាការជួសជុលផ្លូវខូចខាតហើយ ដែលដាច់ខាតអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះមើលហើយ ក្នុងមូលដ្ឋានរបស់យើងមានផ្លូវប៉ុន្មានខូច និងខូចមានទំហំណា។ ក្រៅពីនេះក៏ត្រូវចុះពិនិត្យមើលចំពោះការសាងសង់រោងបុណ្យរោងការនៅលើទ្រូងផ្លូវ គឺអាចឲ្យធ្វើតែលើចិញ្ចើមផ្លូវ និងលើទ្រូវផ្លូវតែមួយប្រឡោះបានហើយ មិនឲ្យបិទផ្លូវជាដាច់ខាត ដែលការងារនេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវធ្វើការណែនាំ។ បញ្ហានេះវាមានហានិភ័យច្រើន ក្រៅពីធ្វើឲ្យកកស្ទះចរាចរណ៍គេជេរ ហើយនៅវាក៏នឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ បើអ្នកបើកបរខ្វះការប្រុងប្រយ័ត្នតែបន្តិច។ ការងារពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែធ្វើ ទោះជាក្នុងបុរីក៏ដោយនិងត្រូវបន្លាសគោលដៅជានិច្ចកុំនៅមួយកន្លែង»។
លោកបន្តថា បញ្ហាអន្តោប្រវេសន៍នៅតាមដងទន្លេសាប ពិសេសការចិញ្ចឹមត្រីដែលធ្វើឲ្យខូចបរិស្ថាន និងបានធ្វើឲ្យខូចខាតដល់វិស័យទេសចរណ៍នោះ យើងត្រូវសហការ ជាមួយ
សមាគមជនជាតិវៀតណាម ឥស្លាមជាដើម ដើម្បីរិតបណ្តឹងច្បាប់អន្តោប្រវេស្សន៍ ថាតើពួកគាត់មានច្បាប់រស់នៅ និងរកស៊ីនៅស្រុកខ្មែរត្រឹមត្រូវឬទេ?។ យើងត្រូវរួមគ្នាធ្វើការងារនេះទាំងអស់គ្នា ដើម្បីបំរើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕