(ភ្នំពេញ)៖ មន្ត្រីខុទ្ទកាល័យលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានចេញមកសម្តែងការសោកស្តាយ និងសុំការអធ្យាស្រ័យផងដែរ ចំពោះកំហុសឆ្គង និងការភាន់ច្រឡំលើការស្រង់ខ្លឹមសារនៃជំនួបរវាងលោកស្រី ឃួន សុដារី និងលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា (IPU) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ។
ការចេញមកសុំការយោគយល់ និងអធ្យាស្រ័យនេះ បន្ទាប់ពីមន្ត្រីខុទ្ទកាល័យលោកស្រី ឃួន សុដារី បានស្រង់ខ្លឹមសារថា នៅក្នុងជំនួបនោះលោកស្រីប្រធានសហភាពអន្តរសភា បានសាទរពេញទំហឹងចំពោះដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីខុទ្ទកាល័យរូបនេះ បានបញ្ជាក់ជាថ្មីថា ក្នុងជំនួបនោះលោកស្រី Gabriela Cueva Barron បានទទួលស្តាប់រាល់ការរៀបរាប់របស់លោកស្រី ឃួន សុដារី អំពីដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ប៉ុន្តែលោកស្រី Gabriela Cueva Barron ក៏មិនបានថ្លែងឆ្លើយតបអ្វីនោះដែរ។
មន្ត្រីខុទ្ទកាល័យរូបនេះបានបន្ថែមថា ក្នុងជំនួបនោះលោកស្រី Gabriela Cueva Barron បានទទួលជួបសវនាការចំពោះវត្តមានប្រតិភូរដ្ឋសភារបស់កម្ពុជា។ បើទោះបីមិនបានបង្ហាញមតិយោបល់យ៉ាងណាចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា តែតាមរយៈកិច្ចស្វាគមន៍នេះ ជាកាយវិការបង្ហាញការទទួលស្គាល់ចំពោះវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋសភារបស់កម្ពុជា៕