(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរខណ្ឌសែនសុខ និងការិយាល័យជំនាញ បើកការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ក្នុងការបើកកំណាត់ផ្លូវធ្វើដំណើរមួយខ្សែ គឺកំណាត់ផ្លូវលេខ១៩៧២ រហូតដល់មានការបើកដំណើរការកំណាត់ផ្លូវមួយនេះរួចមកនោះ ប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្ដែងនូវការសាទរ និងសប្បាយរីករាយយ៉ាងខ្លាំង។
ការសាទរពីសំណាក់ប្រជាពលរដ្ឋចំពោះការខិតខំរបស់អាជ្ញាធរយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងខណៈដែលអាជ្ញាធរខណ្ឌសែនសុខ ការិយាល័យរៀចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលខណ្ឌសែនសុខ ក៏ដូចជាអាជ្ញាធរសង្កាត់ភ្នំពេញថ្មី រួមជាមួយភាគីពាក់ព័ន្ធ សហការគ្នាចុះបោះបង្គោលអ័ក្សកំណត់ទំហំ និងប្រវែងកំណាត់ផ្លូវខាងលើ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។
បើតាមលោក ពៅ ណារិទ្ធ ប្រធានការិយាល័យរៀចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលខណ្ឌសែនសុខ បានឱ្យដឹងថា ផ្លូវលេខ១៩៧២នេះ មានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាផ្លូវមួយខ្សែចេញពីកែងផ្លូវលេខ១០០៣ ទៅទល់នឹងកែងមហាវិថីហាណូយ ប៉ុន្តែកំណាត់ផ្លូវដែលត្រូវបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរនោះ មានប្រវែងជាង២០០ម៉ែត្រ និងទទឹង៨ម៉ែត្រ។
សាវតានៃផ្លូវលេខ១៩៧២នេះ គឺដើមឡើយ មិនត្រូវបានបើកឱ្យដំណើរ ១០០% នោះទេ ដោយសារប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ មានរឿងកើតទុក្ខមិនសុខចិត្តនឹងគ្នា ទើបមិនព្រមបើកផ្លូវឱ្យគ្នាធ្វើដំណើរបានស្រួលបួល។ ប៉ុន្តែសារមានការជួយជ្រោមជ្រែងពីសំណាក់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ ដោយលោកបានអញ្ជើញភាគីពាក់ព័ន្ធមកសម្របសម្រួលជាមួយគ្នា រហូតរកឃើញនូវគោលការណ៍ដំណោះស្រាយល្អមួយ។
ក្រោយបញ្ចប់កិច្ចសម្របសម្រួលនេះហើយ លោកប្រធានមន្ទីរបានរាយការណ៍ទៅកាន់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើគោលការណ៍ដំណោះស្រាយ របស់មន្ទីរដែនដីរាជធានីភ្នំពេញតែម្ដង។
ជាក់ស្ដែង នាថ្ងៃទី១៨ ខែតុលានេះ អាជ្ញាធរខណ្ឌសែនសុខ និងការិយាល័យរៀចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលខណ្ឌ បានចុះអនុវត្តជាក់ស្ដែងទៅតាមគោលការណ៍ដែលបានសម្របសម្រួល កាលពីពេលកន្លងទៅនោះ។
លោក ពៅ ណារិទ្ធ បានបន្តទៀតថា ទាំងក្នុងពេលសម្របសម្រួល និងក្នុងពេលដែលអាជ្ញាធរខណ្ឌ និងការិយាល័យជំនាញ ចុះអនុវត្តតាមគោលការណ៍ជាក់ស្ដែងនោះ ប្រជាពលរដ្ឋបានចូលរួមពិនិត្យមើលការអនុវត្តជាក់ស្ដែង និងបានសម្ដែងនូវការអបអរសាទរសប្បាយរីករាយយ៉ាងខ្លាំង ចំពោះដំណោះស្រាយយ៉ាងពេញចិត្តរបស់អាជ្ញាធរខណ្ឌ និងការិយាល័យជំនាញ៕