(បន្ទាយមានជ័យ)៖ ​នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន និងបង្ហាញមុខឃាតក និងបក្ខពួកម្នាក់ក្នុងករណីមនុស្សឃាតដោយចេតនា ក្នុងជម្លោះរកស៊ីគ្រឿងញៀន ស្ថិតនៅចំណុចសាលា អ៊ិនតាំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ជនសង្ស័យ និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ប្រទះសាកសពយុវជនម្នាក់ ដេកស្លាប់ក្នុងគុម្ពោធព្រៃកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចសាលា អ៊ិនតាំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១៥ ខែតុលា។​

ភ្លាមៗកម្លាំងនគរបាលជំនាញ និងនគរបាលក្រុងសិរីសោភ័ណ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្ត បានចុះទៅស្រាវជ្រាវស៊ើបអង្កេត នៅចំណុចកើតហេតុ និងធ្វើការសន្និដ្ឋានជនសង្ស័យបានរងការស្លាប់ ដោយអំពើឃាតកម្ម។

​ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ និងស្គាល់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ ជុង អ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកស្នងការរង បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបានស្គាល់ អត្តសញ្ញាណសពជនរងគ្រោះនោះហើយ កម្លាំងនគរបាល ក៏បានស្រាវជ្រាវហើយកំណត់ បានមុខសញ្ញាជនសង្ស័យជាឃាតក ដោយក្រោមការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មាស គីហុង ភេទប្រុស​អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថា រវាងជនសង្ស័យ និងជនរងគ្រោះជាមុខសញ្ញារកស៊ីចូលហ៊ុនគ្នាលក់ចែកចាយគ្រឿងញៀន នៅក្នុងក្រុងសិរីសោភ័ណ ឪពុកម្តាយដេញេញពីផ្ទះរឿងរកស៊ីគ្រឿងញៀន ពួកគេយកផ្ទះសំណាក់ ជាកន្លែងជួលស្នាក់នៅបណ្តោះអាសន្ន ដើម្បីលក់ចែកចាយគ្រឿងញៀន។

បើតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ​មាស គីហុង ប្រាប់ថាមុនពេលកើតហេតុ ពួកគេបានមានជម្លោះបញ្ហារកស៊ីគ្រឿងញៀន ជនរងគ្រោះកិបកេងលុយបានមកពីលក់គ្រឿងញៀន ឱ្យខ្លួនមិនគ្រប់រូបគេជនសង្ស័យគំនុំខឹង និងជនរងគ្រោះបានរករឿងខ្លួនស្រឡាញ់ ស្រីស្នេហ៍របស់ជនរងគ្រោះ និងខឹងជនរងគ្រោះយកម៉ូតូខ្លួនប្រើប្រាស់ជាមធ្យោបាយលក់ចែកចាយគ្រឿងញៀនដោយមិន ប្រគល់ម៉ូតូឱ្យមកខ្លួនវិញ។

លុះនៅយប់រំលងអធ្រាត្រថ្ងៃទី១៥ ខែតុលា រូបគេទាំង២នាក់ បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះសំណាក់ ចំការខ្នុរទៅក្រុងប៉ោយប៉ែត ដើម្បីទិញគ្រឿងញៀនពីឈ្មោះ អ៊ុក ពិន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ ក្រោយពីទិញគ្រឿងញៀន នោះហើយពួកគេទាំង២នាក់ ក៏បានជិះម៉ូតូត្រឡប់មកក្រុងសិរីសោភ័ណ ដោយជនសង្ស័យឈ្មោះ មាស គីហុង ជាអ្នកបើម៉ូតូ។

លោកឧត្តមសេនីយ៍ស្នងការរង​បានបន្ថែមទៀតថា ពួកគេជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យឈ្មោះ មាស គីហុង ក៏បានជិះម៉ូតូទម្លាក់ជន្ទល់ម៉ូតូបែកផ្កាភ្លើងនិង ថ្នល់ជាតិដើម្បីពញ្ញាក់អារម្មណ៍ជនរងគ្រោះតើចាប់អារម្មណ៍ និងខ្លួនជិះម៉ូតូចង់ដួល ឬទេ?។

នៅពេលនោះជនរងគ្រោះមានឈ្មោះ ជុង អ៊ុន មិនមាត់និយាយអ្វីនោះទេ នៅពេលនោះជនសង្ស័យក៏បានជិះម៉ូតូយ៉ាងលឿន គឺបើកទម្លាក់ផ្លូវ ហើយរូបគេក៏លោតចេញពីម៉ូតូ​រីឯជនរងគ្រោះបានទៅបុកនឹងដើមពុទ្រា បណ្តាលឱ្យជនរងគ្រោះសន្លប់ ឃើញដូច្នោះសង្ស័យ ក៏បានយកដៃច្របាច់កជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់តែម្តង។ បន្ទាប់មកខ្លួន (ជនសង្ស័យ) ក៏បានជិះម៉ូតូចេញមក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

លោកស្នងការរងខេត្ត បន្តទៀតថា​ក្រោយមកបានដាក់សន្និដ្ឋាន​និងកំណត់មុខសញ្ញាតាមចាប់ខ្លួនឈ្មោះ អ៊ុក ពិន (ជនសង្ស័យ) នៅក្រុងប៉ោយប៉ែត ដែលជាអ្នកលក់ចែកចាយគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ មាស គីហុង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកជនសង្ស័យឈ្មោះ អ៊ុក ពិន មិនជាប់ពាក់ព័ន្ធ និងបទល្មើសឃាតកម្មនោះទេ ដោយជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន ត្រូវបានកសាងសំណុំរឿងពាក់ព័ន្ធគ្រឿងញៀន ទៅតុលាការនោះផងដែរ៕