(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ បានទទួលសម្ភារកសិកម្មដោយឥតគិតថ្លៃ ពីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្រាប់យកទៅផលិតធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ពិធីនេះ បានរៀបចំធ្វើឡើងក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ជាច្រើនរូប នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោក ពឹង ទ្រីដា បានថ្លែងថា សម្ភារកសិកម្ម ដែលយកមកចែកជូនប្រជាកសិករនៅពេលនេះ គឺមានការគាំទ្រថវិកា ពីកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម ក្នុងគោលបំណង លើកកំពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការផលិតដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វជាដើម។
ជាមួយគ្នានោះ លោក ពឹង ទ្រីដា ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមកសិករផលិតទាំងអស់ ត្រូវព្យាយាមដាំដុះនូវដំណាំគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ពិសេស គឺការចិញ្ចឹមសត្វត្រូវមានការថែទាំ តាមបច្ចេកទេស ដើម្បីបានទិន្នផលច្រើន ហើយត្រូវសហការ ជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម តាមរយៈមន្ត្រីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្នុងការសាកសួរពីរពត៍មានថ្មីៗ អំពីបច្ចេកទេសកសិកម្ម ដើម្បីបានចុះជួយទាន់ពេលវេលា នូវបញ្ហាក្នុងគ្រួសារនិមួយៗទាក់ទងនិងបញ្ហាដាំដំណាំនិងការចិញ្ចឹមសត្វ។
សូមបញ្ជាក់ថា កសិករដែលមកទទួលសម្ភារកសិកម្មនៅពេលនេះ គឺមានចំនួន៤៨គ្រួសារ ក្នុងនោះកសិករចិញ្ចឹមមាន់ មាន១៥គ្រួសារ និងកសិករដាំបន្លែ មាន៣៣គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន៖ កសិករចិញ្ចឹមមាន់ ទទួលបានសំណាញ់ព័ទ្ធទ្រុង១៣គីឡូក្រាម ស្បៃខៀវ១ដុំ ទ្រុងបំបែកកូនមាន់៣ទ្រុង ស្នូកទឹក២ ស្នូកចំណី២ ស្នូកចំណីវែង២ ថ្នាំវ៉ាក់សាំងញូវកាស២ដប ថ្នាំវ៉ាក់សាំងអាសន្នរោគ២ដប ថ្នាំទំលាក់ព្រូន៥កញ្ចប់ ម្សៅមិច១០កញ្ចប់ វ៉ាក់សាំងអ៊ុត២ដប និងថ្នាំទំលាក់ព្រូន៥កញ្ចប់។
ចំពោះកសិករដាំបន្លែ ទទួលបានសំណាញ់ព័ទ្ធសយន១ដុំ ស្បៃខៀវប្រក់បន្ថយកំដៅ១ដុំ ស៊ីទែនទឹកចំណុះ១,០០០លីត្រចំនួន១ ត្រេបណ្តុះកូនបន្លែចំនួន១០ត្រេ និងប្រព័ន្ធតំណក់ទឹកមួយឈុតផងដែរ៕