(ហាណូយ, វៀតណាម)៖ នៅថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០១៨លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពី បញ្ហាគ្រឿងញៀនលើកទី៦ រៀបចំឡើងដោយគណៈកម្មាធិការអចិន្រ្តៃយ៍ត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈវៀតណាម ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់រដ្ឋមន្រ្តី នៃក្រសួង-ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ដោយឡែកសម្រាប់កម្ពុជាលោក កៅ ខុនដារ៉ា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាពមកពីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហាណូយ និងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសរុបចំនួន២២នាក់ចូលរួមក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះ បានចែកចេញជាពីរវគ្គគឺ កិច្ចប្រជុំត្រៀមក្នុងកម្រិតមន្រ្តីជាន់ខ្ពស់ និងកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តី ហើយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ត្រូវបានអនុញ្ញាតឲ្យដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំត្រៀម ឆ្លងកាត់ការពិនិត្យ ពិភាក្សា និងផ្តល់យោបល់ពីកិច្ចប្រជុំត្រៀមនៃមន្រ្តីជាន់ខ្ពស់ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីថ្លែងការណ៍រួមប្រធាន (Chairman’s Statement) ព្រមទាំងពិនិត្យ សម្រេចលើឯកសារសំខាន់ៗមួយចំនួនដូចជា៖
* ទី១៖ ការពិនិត្យលើ លើការត្រួតពិនិត្យផ្ទៃក្នុងលើកទី១ នូវការអនុវត្តផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ (២០១៦-២០២៥)
* ទី២៖ ធ្វើបច្ចុប្បន្នភាព លើការបង្កើតឯកសារណែនាំបច្ចេកទេស ស្តីពីការចូលរួម ថវិការបស់ប្រទេសចិន ក្នុងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយអាស៊ាន (ACCORD)
* ទី៣៖ ពិនិត្យ និងអនុម័ត លើលក្ខខណ្ឌណែនាំក្នុងការបញ្ចូលភាគីខាងក្រៅចូលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី
* ទី៤៖ ធ្វើបច្ចុប្បន្នភាព នៃការពិនិត្យទៅលើឯកសារលក្ខខណ្ឌការងារនៃក្រុមការងារអុវត្តច្បាប់ របស់យន្តការ អាសូត (ASOD)
* ទី៥៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ដែលត្រូវយកទៅថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការ ស្តីពីថ្នាំញឿនណាកូទិក និងគ្រឿងញៀនផ្សេងទៀតរបស់អង្គការសហប្រជាជាតិ (CND) លើកទី៦២ ឆ្នាំ២០១៩ខាងមុខ
* ទី៥៖ ពិភាក្សា និងអនុម័តលើលេចក្តីថ្លែងការណ៍រួមអាស៊ានប្រឆាំងទៅនឹងការធ្វើឱ្យស្របច្បាប់នូវគ្រឿងញៀនដែលត្រូវធ្វើការត្រួតពិនិត្យ ដែលនឹងត្រូវយកទៅថ្លែងក្នុងផ្នែកមួយ នៃកិច្ចប្រជុំអន្តរជាតិ CND លើកទី៦២ ក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខ ដែលក្នុងនោះឈរលើគោលជំហរសំខាន់ចំនួន៦
* ទី៧៖ ការពិនិត្យ ពិភាក្សាលើកិច្ចការផ្សេងៗមួយចំនួនទៀត រួមនិងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀននៅកម្ពុជា៕