(ពោធិ៍សាត់)៖ ជាការឆ្លើយតបទៅនឹងសំណូមពររបស់មេភូមិ និងមេឃុំ ក៏ដូចជាប្រជាពលរដ្ឋ, លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅតាមប្រព័ន្ធធារាស្ត្រ ត្រង់ចំណុចទំនប់បង្ហៀរអន្លង់ស្វាយ ក្នុងឃុំរំលេច និងចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនាពេលនោះ ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់លោកអភិបាលខេត្ត ក្នុងនាមជាអាជ្ញាធរដែនដី សូមជួយលើកផ្លូវបន្ថែម ស្ថាបនាស្ពាន ទ្វាទឹក ស្តារប្រឡាយ...ដើម្បីធ្វើឲ្យប្រសើរឡើង ដោយសាររដូវនេះជារដូវវស្សា មានការហូរច្រោះផ្លូវ រហូតលេចលង់ដំណាំស្រូវ របស់ប្រជាកសិករដល់ទៅជាង៤០០ហិកតា។
ទាក់ទងទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងនីមួយៗ លោក ម៉ៅ ធនិន បានយល់ព្រមទទួលយក ហើយបានដាក់ផែនការឲ្យមន្ទីរជំនាញចុះសិក្សាឲ្យបានឆាប់រហ័ស នៅរដូវប្រាំងខាងមុខ ក្រោយសិក្សាចប់នឹងចាប់ដំណើរការអនុវត្តជូន។
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបដិភាគទាំងកម្លាំងកាយមធ្យោបាយ និងថវិកាទើបដំណើរការទៅដោយរលូន និងថែរក្សាបានប្រើប្រាស់យូរអង្វែង។ ស្របពេលនោះ ប្រជាពលរដ្ឋបានសម្តែងនូវការគោរពដឹងគុណចំពោះ លោក ម៉ៅ ធនិន ដែលមានទេព្យកោសលខ្ពស់ ក្នុងការសម្របសម្រួល និងធ្វើការដោះស្រាយប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបានសន្យាថានឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជារៀងរហូត។
សូមបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួមជាសារុងម្នាក់ ព្រមទាំងដាំដើមឈើចម្រុះចំនួន៣៥០ដើម បន្ថែមលើដើមឈើដែលដាំរួចចំនួន២ពាន់ដើម នៅជាប់ដងផ្លូវប្រព័ន្ធធារាសាស្ត្របឹងកន្សែង ស្ថិតក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន និងបន្តប្រគល់ថវិកា ឧបត្ថម្ភតុសិស្ស តុគ្រូ និងកៅអីគ្រូ នៅវិទ្យាល័យបាកាន បានប្រើប្រាស់តាមតម្រូវការផងដែរ៕