(ភ្នំពេញ)៖ នាយរដ្ឋមន្ដ្រី នៃសាធារណរដ្ឋស៊ែប៊ីលោកស្រី អាណា ណាបិក បានផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ដេចបន្ដជាប់ឆ្នោតជាថ្មីរបស់កម្ពុជា ដើម្បីបន្ដរក្សាវិបុលភាពថែមទៀតជូនប្រទេស និងប្រជាជនកម្ពុជា។
តាមលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ លោកស្រី អាណា ណាបិក បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឱកាសនៃការជាប់ឆ្នោតជាថ្មីរបស់សម្ដេច ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏ស្មោះស័្មគ្រ និងជូនពរគ្រប់ប្រការ ចំពោះការបំពេញករណីយកិច្ចដែលមានការទទួលខុសត្រូវ ប្រកបដោយជោគជ័យរបស់សម្ដេច និងដើម្បីវិបុលភាពថែមទៀត ជូនប្រទេសរបស់សម្ដេច និងប្រជាជនកម្ពុជា»។
លោកស្រីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា លោកស្រីមានទំនុកចិត្ត និងជឿជាក់ថា នៅរយៈពេលខាងមុខនេះ នឹងមើលឃើញពីការវិវឌ្ឍថែមទៀតនូវទំនាក់ទំនងទូទៅ និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋស៊ែប៊ី និងកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក និងក្នុងស្មារីលើកម្ពស់យុត្តិធម៌ សន្ដិភាព និងស្ថិរភាពនៅលើពិភពលោក។
នាយករដ្ឋមន្ដ្រីស៊ែប៊ី ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ជាពិសេសចំពោះគោលជំហរដែលប្រកាន់យកគោលការណ៍ និងសង្គតិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពបូរណ៌ភាពដែនដី និងអធិបតេយ្យភាពរបស់សាធារណរដ្ឋស៊ែប៊ី៕