(ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿ និងមិននឹកស្មានដល់សោះថា តារាសម្ដែងដ៏ល្បីរបស់ថៃ នាង ចេន្នី មានវាសនាខ្ពស់ បានគ្រងឈុតពេជ្រ មានតម្លៃរហូតដល់ជាង៤០ម៉ឺនដុល្លារ នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ថា គ្រឿងអលង្ការពេជ្រសុទ្ធតម្លៃកប់ពពក នៅតែមានការពេញនិយម បើទោះជាមានការវាយបំបុក ដោយគ្រឿងអលង្ការពេជ្រកាឡៃ ដូចជាគ្រឿងពេជ្រអ៊ីតាលី ជាដើម។ តារាល្បីល្បាញរបស់ថៃ គឺកញ្ញា ចេន្នី ត្រូវគេឃើញគ្រងឈុតគ្រឿងពេជ្រយ៉ាងស្រស់ស្អាត ដែលមួយឈុតនេះត្រូវបានហាង Chateau des Gems ជាអ្នកច្នៃឡើងយ៉ាងប្រណិត។
ម្ចាស់ហាងពេជ្រ Chateau des Gems (ឆាតតូដឺជេម) បានបញ្ជាក់ឲ្យដឹងថា នេះជាប្រេនម៉ាកពេជ្រនាំចូលពីក្រៅប្រទេស ហើយមួយឈុតគ្រឿងពេជ្រដែលតារាថៃ គឺកញ្ញា ចេន្នី បានពាក់នៅលើវេទិកា នៅថ្ងៃបើកសម្ពោធនោះ គឺមានតម្លៃរហូតដល់ជាង៤០ម៉ឺនដុល្លារ គឺប្រហាក់ប្រហែលនឹងជិតកន្លះលាន ដោយមួយឈុតដែលមានតម្លៃកប់ពពកនោះ ក៏ត្រូវបានគេកុម្ម៉ង់ទិញ ដែលមានន័យថាគ្រឿងពេជ្រ បើទោះជាមានតម្លៃថ្លៃបែបណា គឺនៅតែមានទីផ្សារ។ អ្នកស្រី ម៉ៅ ពោរពេញ នាយកប្រចាំការហាងពេជ្រ ឆាតតូដឺជេម ប្រចាំនៅកម្ពុជា បានអះអាងថា ដ្បិតថាយីហៅពេជ្ររបស់ឆាតូឌឺជេម ទើបតែចូលទីផ្សារនៅកម្ពុជា ប៉ុន្តែតម្រូវការអលង្ការនេះមានការកើនឡើងរាល់ថ្ងៃ ដោយក្នុងនោះអោយតែម៉ូដស្អាតៗ គឺទោះជាតម្លៃដល់សែនដុល្លារ ក៏នៅតែមានអ្នកហ៊ានកុម្ម៉ង់មិនសូវដាច់។
ជាក់ស្ដែងមួយឈុតដែលហាងពេជ្រ ឆាតូ ឌឺជេម បានឲ្យតារាល្បីល្បាញថៃ គឺកញ្ញា ចេន្នី ពាក់បង្ហាញនៅក្នុងថ្ងៃសម្ពោធរបស់ខ្លួន គឺមានអ្នកកុម្ម៉ង់យក ខណៈដែលភ្ញៀវផ្សេងទៀត ក៏បានកុម្ម៉ង់ម៉ូដមួយនេះដូចគ្នា ដោយគ្រាន់តែជម្រើសយកតម្លៃទាបជាងនេះ។ អ្នកស្រីថា អ្នកនិយមគ្រឿងពេជ្រ នៅតែនិយមគ្រឿងពេជ្រ ហើយអាចមកពីដឹងពីគុណភាព របស់យីហោឆាតូឌឺជេមដែលល្បី តាំងពីមុនមកដល់កម្ពុជា ព្រោះតែគ្រឿងអលង្ការពេជ្រម៉ាកនេះ ត្រូវគេចាត់ទុកថាជាពេជ្រលំដាប់កំពូល និងមានអត្ថន័យ ជាបរមរាជវាំងនៃត្បូង ដែលជាប្រភេទត្បូងល្អឥតខ្ចោះ ទើបតម្រូវការទីផ្សារនៅតែមានសន្ទុះ បើទោះជាមានគ្រឿងពេជ្រកាឡៃ ត្រូវអ្នកលេងពេជ្រមួយចំនួនងាកមកនិយម។
លោក ថុច ឆាថន នាយកប្រតិបត្តិហាងពេជ្រ ឆាតតូឌឺជេម បានថ្លែងបញ្ជាក់ថា ហេតុផលដែលតារាថៃគឺកញ្ញាចេន្នី ត្រូវបានហាងពេជ្រ Chateau des Gems ចំណាយមិនក្រោម៣ម៉ឺនដុល្លារ ដើម្បីឲ្យមកបង្ហាញគ្រឿងពេជ្រ តម្លៃជាង៤០ម៉ឺនដុល្លារ គឺដោយសារតែហាងចង់ឲ្យ មានការទទួលស្គាល់កាន់តែខ្លាំងថា កម្ពុជាក៏មានយីហោម៉ាកពេជ្រល្បីល្បាញ របស់បរទេស និងមានលទ្ធផលច្នៃពេជ្រតម្លៃជិតកន្លះលានដុល្លារ បង្ហាញដល់ពិភពលោក។ ម្យ៉ាងមកពីក្រុមហ៊ុនគម្រោង នឹងបោះទុនបើកហាងធំមួយ នៅក្នុងប្រទេសថៃផង ទើបជ្រើសយកតារាថៃល្បីល្បាញកញ្ញា ចេន្នី ឲ្យធ្វើតំណាងអមនឹងតារាល្បីៗ នៅកម្ពុជាក្នុងថ្ងៃសម្ពោធកន្លងទៅ៕