(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ រួមជាមួយលោក-លោកស្រីជាមន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ នាថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន២ខ្សែ ក្នុងនោះ មានផ្លូវបេតុងសរសៃដែកប្រវែង៤០៧ម៉ែត្រ និងផ្លូវបេតុងគ្មានសរសៃដែកប្រវែង៣៨៦ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៨ ក្នុងការសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថ្លែងនាឱកាសបើកការដ្ឋានខាងលើនេះដែរ លោក ជា ពិសី បានលើកឡើងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយប៉ាក ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការរក្សាបានទាំងសុខសន្តិភាពពេញបរិបូរដូចសព្វថ្ងៃនេះ។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ក្នុងការស្ថាបនាចំពោះផ្លូវទាំង០២ខ្សែនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរទទួលទានយ៉ាងមានភាពងាយស្រួលទៅថ្ងៃក្រោយ។
លើសពីនេះ លោក ជា ពិសី ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើផ្លូវ ទោះបីយ៉ាងណាសូមយកចិត្តទុកដាក់អនុវត្តគម្រោងមួយនេះ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសូមជួយពន្លឿនឲ្យបានឆាប់រហ័ស ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការចំពោះផលប៉ះពាល់តិចតួចទាំងឡាយណា ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឱ្យផ្លូវ២ខ្សែនេះបានស្ថាបនារួចរាល់ជាស្ថាពរ ក្នុងរយះពេលខ្លី និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង៕