(ភ្នំពេញ)៖ បន្ទាប់ពីមានការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ចំនួន៤នាក់ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៨ ។
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងក្នុងឱកាសបើកវះកាត់ជំងឺ គ-ថ្លង់ជាផ្លូវការថា ការវះកាត់អ្នកជំងឺគ-ថ្លង់នេះ ទើបតែមានជាលើកដំបូងតែប៉ុណ្ណោះនៅកម្ពុជា សម្រាប់ប្រសិទ្ធិភាពវិញ ធានាថា អាចស្ដាប់ និងនិយាយបានដូចមនុស្សធម្មតា រីឯតម្លៃគឺថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ ។
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងបន្ដថា «ជាក់ស្ដែងនៅថ្ងៃទី១៦-១៧ ខែតុលាម្សិលមិញនេះ មន្ទីរពេទ្យយើង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន៤នាក់ ដោយឥតគិតថ្លៃផងដែរ សម្រាប់ប្រសិទ្ធិភាពក្រោយពេលវះកាត់វិញ គឺបានធ្វើឲ្យឪពុកម្ដាយ និងគ្រួសារ របស់កុមារទាំង៤នាក់នោះ ត្រេកអរយ៉ាងខ្លាំង ពេលឃើញកូនគាត់អាចស្ដាប់បាន នឹងអាចឈាននិយាយបាន ក្នុងពេលឆាប់ៗខាងមុខនេះ»។
លោកសាស្ដ្រាបន្ដថា បន្ទាប់ពីធ្វើការវះកាត់ហើយ គាត់អាចស្ដាប់ តែចំពោះការនិយាយមិនទាន់បាននោះទេ ព្រោះគាត់មិនធ្លាប់និយាយ ចឹងគាត់ក្រលាស់អណ្ដាតមិនទាន់ បាន ដូចនេះបន្ទាប់ពីវះកាត់ហើយ យើងនឹងបញ្ជូនគាត់ទៅដាក់សាលារៀន គ-ថ្លង់ ដើម្បីឲ្យគ្រូជួយបង្រៀនក្រលាស់អណ្ដាតបន្ដិចម្ដង រហូតដល់និយាយបានដូចមនុស្សទូទៅ ដោយប្រើប្រាស់ពេលក្រលាស់និយាយ យ៉ាងយូរបំផុត៦ខែ ទៅតាមការហាត់រៀន។
លោកសាស្ត្រាចារ្យ លូ លីឃាង បន្ដទៀតថា «កុមារដែលមានជំងឺគ-ថ្លង់ អាចបង្រៀនឆាប់ចេះនិយាយ ជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេង ផ្ទុយពីមនុស្សចាស់ ដែលមានជំងឺគ-ថ្លង់ ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ឲ្យស្ដាប់ និងនិយាយបាន ដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ។នេះជាឱកាសនៃក្ដីសង្ឃឹមរបស់គ្រួសារ និងអ្នកជំងឺផ្ទាល់ ហើយនេះក៏ជាសេចក្ដីសប្បាយរីករាយ ដែលក្រុមគ្រូពេទ្យកម្ពុជា បានខិតខំ និងទទួលបានជោគជ័យក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង បានស្គាល់រសជាតិជីវិតថ្មីមួយផងដែរ ៕