(ភ្នំពេញ)៖ ចំពោះមុខអតីតយុទ្ធជន ដែលត្រូវទទួលបានប័ណ្ណសមាជិកបេឡាជាតិសន្ដិសុខសង្គម ចំនួន៧៧៥នាក់ នៅសាលាខេត្តត្បូងឃ្មុំ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងដោយមោទនភាពថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់ ផ្តល់នូវអត្ថប្រយោជន៍ និងលើកកំពស់សុខុមាលភាព ជូនជនរួមជាតិ ដែលក្នុងនោះរាប់ទាំងអតីតយុទ្ធជនផងដែរ។
ការផ្តល់ប័ណ្ណសមាជិកបេឡាជាតិសន្ដិសុខសង្គម សម្រាប់ថែទាំសុខភាពឥតបង់ថ្លៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ គឺជាការឆ្លើយតបយ៉ាងសក្តិសម និងទាន់ពេលវេលា នូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិក ក្នុងឱកាសឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ច្បាស់ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នេះ។
ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ទាំងអស់ត្រូវបន្តចុះជួបស្វែងយល់ពីស្ថានភាព ជីវភាព សុខភាព សមាជិកសមាគមយើង តាមគ្រួសារ ហើយត្រូវសហការផ្តល់អាទិភាព ជួយដល់បងប្អូនឲ្យទទួលបាននូវសេវាសាធារណៈនានា ដូចជាការទទួលបាននូវជំនួយសង្រ្គោះបន្ទាន់ ការផ្តល់ដីសម្បទានសង្គមកិច្ច ការផ្តល់ជម្រកស្នាក់នៅសមរម្យ ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និងការចូលរួមសកម្មភាពសង្គមផ្សេងៗ ជាដើម។
ជាមួយគ្នានេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងខិតខំចលនាកៀងគរសប្បុរសជន ដើម្បីដោះស្រាយកង្វល់ និងលើកកំពស់ជីវភាពជូនបងប្អូនសមាជិកអតីតយុទ្ធជន។
ក្នុងឱកាសនោះ តាមសំណើរបស់សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ទេសរដ្ឋមន្ត្រី គន់ គីម បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះជូនអតីតយុទ្ធជនទ័លលំបាក ចំនួន២៥គ្រួសារ លើដីកម្មសិទ្ធិដែលមានស្រាប់៕