(ប៊ែលហ្សិក)៖ រូបភាពប៉ុន្មានសន្លឹកដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ អាចបង្ហាញឲ្យដឹងយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី និងភរិយា មិនត្រូវបានទទួលស្វាគមន៍ដោយគណៈប្រតិភូ ឬមន្រ្តីរបស់សហភាពអន្តរសភា (IPU) នៅប្រទសស្វីស ឬបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះទេ ផ្ទុយស្រឡះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរបស់ប្រទេសប៊ែលហ្ស៊ិក និងកម្លាំងសមត្ថកិច្ចឈរការពារ និងអមដំណើរតាមរថយន្តមុខក្រោយ ហើយជាពិសេសមានបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប៊ែកហ្សិចយ៉ាងច្រើន មកទទួលស្វាគមន៍យ៉ាងរីករាយ នៅសណ្ឋាគារ ទីដែលសម្តេចស្នាក់ដើម្បីបំពេញភារកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅប្រទេសប៊ែលហ្សិក។
តាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យបង្ហាញថា លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។
ការបង្ហាញបញ្ជីឈ្មោះ សមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីមានការ អះអាងថា លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា ( IPU ) និងត្រូវអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាផងដែរ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ទណ្ឌិត សម រង្ស៊ី ដែលទៅ សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មិនមែនចូលរួមមហាសន្និបាតលើកទី១៣៩ឡើយ ប៉ុន្តែគឺគ្រាន់តែទៅក្នុងនាមជាដើមបណ្ដឹង ជុំវិញការសុំអន្ដរាគមន៍ទៅកាន់ IPU នាពេលកន្លងទៅតែប៉ុណ្ណោះ មិនមែនពាក់ព័ន្ធនឹង IPU ដូចការលើកឡើងរបស់ សម រង្ស៊ី ទេ៕