(សឹង្ហបុរី)៖ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងសេវាករជាច្រើនក្រុមហ៊ុន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB ASIA 2018 នៅប្រទេសសឹង្ហបុរី ដែលព្រឹត្តិការណ៍អន្តរជាតិនេះ បានរៀបចំចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ទេសចរណ៍ Busisness to Business អន្តរជាតិធំមួយនៅអាស៊ី ដែលមានអ្នកលក់ចំនួន ៩៤០ស្តង់ និងអ្នកទិញចំនួន ១១,០០០នាក់ ព្រមទាំងមានអ្នកចូលរួមទស្សនាចំនួនប្រហែល ២២,០០០នាក់។
លោក សូ ម៉ារ៉ា ជាប្រធានប្រតិភូ ក៏បានជួបសំណេះសំណាលជាមួយភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងប្រតិបត្តិករទេសចរណ៍នានា ដើម្បីបង្ហាញពីការអភិវឌ្ឍ សុខសន្តិភាព និងរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB ASIA 2018 នៅប្រទេសសឹង្ហបុរីនោះដែរ មានស្តង់ពិព័រណ៍នៃកម្ពុជាយើង មានទំហំ ៣៦ម៉ែត្រការ៉េ ដែលរចនាដោយរូបប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ តំបន់ឆ្នេរ និងរូបសិល្បៈជាច្រើនទៀតតាំងលម្អរបង្ហាញភ្នែកអ្នកទស្សនាអន្តរជាតិជាច្រើនផងដែរ៕