(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី នៅស្រុកកំពង់សៀម និងស្រុកកោះសូទិន។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រតិបត្តិទី១ធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបានបញ្ជាការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃ និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដឹកនាំដោយលោក យ៊ិល សុផាន់ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានចុះបង្រ្កាបនៅចំណុចព្រែកជ្រឹង ព្រែកចុងគៀនជ្រៃ និងទំនប់ត្រីរ៉ស់ ស្ថិតក្នុងភូមិសាស្រ្ត ឃុំគៀនជ្រៃ ស្រុកកំពង់សៀម។ ជាលទ្ធផល ដកហូតបាន លូស្បៃមុង ចំនួន៤៨មាត់, ដាយ ចំនួន១មាត់, របាំងព្រួល ប្រវែង ១,៤៤០ម៉ែត្រ, បង្គោលឬស្សី ចំនួន៧២០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន៩៧គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានដុតនិងកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការទី២ លោកបានបញ្ជាអធិការស្រុកកោះសូទិន សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ និងព្រែកតានង់ ដឹកនាំដោយលោក អ៊ឹម ឃឿន អធិការដ្ឋាននគរបាលស្រុកកោះសូទិន ដោយមានការចង្អុលបង្ហាញពីលោក ផេន សុផល អភិបាលស្រុកកោះសូទិន បានចុះនៅចំណុចព្រែកព្នៅ (ជ្រុំជ្រេស) ស្ថិតក្នុងភូមិសាស្រ្ត ឃុំល្វេ ស្រុកកោះសូទិន។
ជាលទ្ធផល ដកហូតបាន ដាយ ចំនួន៣មាត់ និងបង្គោលឬស្សី ចំនួន១៥ដើម ហើយចំពោះសម្ភារវត្ថុតាង បានដុតនិងកាប់បំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕