(ភ្នំពេញ)៖ អាហារល្បីៗ៦មុខ ដែលធ្លាប់តែស្តេចកូរ៉េទេទើបបានសោយនោះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ត្រូវបានរៀបចំចំអិនដោយចុងភៅដ៏ល្បីរបស់កូរ៉េខាងត្បូង ចែកជូនថ្នាក់ដឹកនាំស្ថាប័នព័ត៌មាននៅកម្ពុជា។ ពិធីផ្តល់រសជាតិអាហារល្បីៗរបស់កូរ៉េខាងត្បូងនេះ ត្រូវបាន​រៀបចំឡើង​នៅក្នុងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា។

ម្ហូបទាំង៦មុខនោះរួមមាន៖

ទី១៖ «បបរថារ៉ាក់ជុក» ដែលត្រូវបានចំអិនឡើងដោយការដាំរម្ងាស់ទឹកដោះគោ ជាមួយ​អង្ករកិន ថារ៉ាក់ គឺជាពាក្យបុរាណរបស់កូរ៉េ ដែលមានន័យថាទឹកដោះគោ

ទី២៖ «អូចល់ផាន់» វាជាអាហារមួយប្រភេទដែលគេធ្វើការទទូលទានដោយយកបន្លែ និងសាច់ សរុបចំនួន៥មុខ ពីក្នុងចានដែលមានបែងចែកជាប្រលោះៗ ទៅរុំខ្ចប់ជាមួយ​នំមីលចន់ប្យ៉ង់,

ទី៣៖ «ញ៉ាំបង្គាចំហុយជាមួយ​ទឹកគ្រាប់ស្រល់» វាគឺជាអាហាររាជវាំងដែលមានសាច់បង្គាទន់ៗ លាយជាមួយ​ទឹកគ្រាប់ស្រល់

ទី៤៖ «ស៊ីនសន់ឡូ» សម្លឆ្នាំងភ្លើង ជាប្រភេទសម្លទឹក ដែលត្រូវគេដាំនៅក្នុងឆ្នាំងដែក ដែលត្រូវគេផ្សារផ្អោបភ្ជាប់ជាមួយ​បំពង់តូចមួយសម្រាប់ដុតភ្លើង វាជាអាហាររាជវាំងដ៏ល្បី

ទី៥៖ «ខាល់ប៊ីជីម ខឆ្អឹងជំនី» វាជាអាហារដែលត្រូវបានគេចម្អិនដោយខរម្ងាស់ ឆ្អឹងជំនី ជាមួយបន្លែជាច្រើនមុខ និងទឹកស៊ីអ៊ីវ

ទី៦៖ ប៊ីប៊ីមប៉ាប់​ និងស៊ុបសាច់គោលាយជាមួយ​ឆៃថាវ

​​លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ​ប្រចាំនៅ​កម្ពុជា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ហាល់យ៉ូ (Hallyu = Korean wave = រលកកូរ៉េ) ត្រូវបានធ្វើការផ្សព្វផ្សាយទៅគ្រប់ប្រទេស ពាសពេញលើពិភពលោក ហើយ​អាចនិយាយបានថា ​អាហារកូរ៉េ គឺជាលក្ខណៈពិសេសបំផុត នៃវប្បធម៌កូរ៉េ។ អាហារកូរ៉េ គឺជាអាហារសុខភាពដែលមានលក្ខណៈធម្មជាតិ ប្រកបដោយសក្តានុពលភាពខ្ពស់ ក្នុងការទទួលបាននូវប្រជាប្រិយភាពអំពីជនបរទេសទាំងឡាយ។

បន្ទាប់បានភ្លក្សអាហារយ៉ាងពិសេសទាំង៦មុខ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព័ត៌មានផ្សេងទៀត សុទ្ធតែបានបញ្ជាក់ដូចៗគ្នា អាហារទាំងអស់នោះ គឺពិតជាមានឱជារសឈ្ងុយឆ្ងាញ់ ព្រោះថាអាហារទាំងអស់នោះ ពិតជាមានតម្លៃណាស់​ដោយ​សុទ្ធសឹងតែជាអាហារ​​នៅក្នុងរាជវាំង៕