(ភ្នំពេញ)៖ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជានៅតែបន្តមានសន្ទុះកើនឡើង បើធៀបរយៈពេល៩ខែ ក្នុងឆ្នាំ២០១៨ ទៅនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម។
របាយការណ៍ស្តីពីលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្មរយៈពេល៩ខែឆ្នាំ២០១៨ ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ គម្រោងសាងសង់មានចំនួន ២,៥៤១គម្រោង លើផ្ទៃដីជិត ១១លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគប៉ាន់ស្មានជិត ៥ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបង្ហាញដែរថា ក្នុងចំណោមគម្រោងសំណង់ទាំងអស់នេះ គ្រប់គ្រងដោយក្រសួងរៀបចំដែនដី និងសំណង់ចំនួន ២២៤គម្រោង ហើយគ្រប់គ្រងដោយសាលារាជធានី-ខេត្ត ២,៣១៧គម្រោង។
របាយការណ៍ ក៏បានគូសបង្ហាញដែរថា ក្នុងចំណោមគម្រោងសំណង់ទាំងនេះ មានសំណង់លំនៅឋាន ២,១៥១គម្រោង មានទុនវិនិយោគជិត ២ពាន់លានដុល្លារអាមេរិក។ គិតចាំពីឆ្នាំ២០០០ មកដល់៩ខែឆ្នាំ២០១៨នេះ សំណង់លំនៅឋាននៅទូទាំងប្រទេសមានចំនួន ៤២,៨១០គម្រោង មានតម្លៃទុនវិនិយោគជាង ៤ម៉ឺនលានដុល្លារអាមេរិក។
បើតាមរបាយការណ៍តាមរយៈវិស័យសំណង់នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ។ ៩ខែឆ្នាំ២០១៨ វិស័យសំណង់ បានផ្តល់ការងារគិតជាមធ្យមពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅភ្នំពេញ មានកម្មករសំណង់បំពេញការងារជាមធ្យមចន្លោះ ៩ម៉ឺន ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ។ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ការងារក្នុងវិស័យសំណង់នេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ ១២០ភាគរយ។
របាយការណ៍បានគូសបញ្ជាក់ថា កម្មករគ្មានជំនាញអាចទទួលប្រាក់ឈ្នួលពី ៣៥,០០០ ទៅ៤០,០០០រៀលក្នុងមួយថ្ងៃ, កម្មករមានជំនាញ និងមេជាងទទួលបានប្រាក់ឈ្នួល ៥០,០០០រៀល ទៅ ៧៥,០០០រៀលក្នុងមួយថ្ងៃ។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ៤០០ដុល្លារ ទៅ ២,៥០០ដុល្លារ៕