(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជប៉ុន និងកម្ពុជា នឹងរួមគ្នាធ្វើកម្មវិធីពិសេសៗចំនួន១៨ ដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជនឲ្យកាន់តែប្រសើរថែមទៀត។ កម្មវិធីអបអរសាទរខួបទំនាក់ទំនងនេះ ត្រូវបានគេឲ្យឈ្មោះថា «ខែមិត្តភាពកម្ពុជា-ជប៉ុន»។

នៅក្នុងសន្និសីទព័ត៌មានបង្ហាញគម្រោងនៃការប្រារព្ធពិធីនេះកាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ លោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ទំនាក់ទំនងជប៉ុន-កម្ពុជា កំពុងពង្រីកនៅគ្រប់វិស័យ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ ឆ្នាំនេះ​ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាង ជប៉ុន-កម្ពុជា ដើម្បីឱ្យប្រជាជនទាំងពីរបានចូលរួមអបអរសាទ អនុស្សាវរីយ៍នេះ នឹងរៀបចំកម្មវិធីពិសេសៗជាច្រើន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិការខាងមុខនេះ។

លោកបានថ្លែងបន្តទៀតថា ចំពោះស្ថានទូតជប៉ុន នឹងរៀបចំព្រឹត្តិការទាក់ទងនឹងកម្មវិធីផ្លាស់ប្តូយុវជន JENESYS ដូចជា ទី១៖ ការប្រកួតធ្វើបទបង្ហាញជាក្រុមដោយនិស្សិតសាកលវិទ្យាល័យ ក្រោមប្រធានបទ «អនាគតកម្ពុជា ៣០ឆ្នាំក្រោយ» នៅថ្ងៃទី២៥ ខែតុលា ដើម្បីជ្រើសរើសនិស្សិតទៅចូលរួមកម្មវិធី JENESYS នៅប្រទេស​ជប៉ុន។ ទី២៖ ការប្រកួតបាលទាត់មិត្តភាព នៅថ្ងៃទី៣១​ ខែ​តុលា រវាងកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដឹកនាំដោយគ្រូបង្វឹកជប៉ុន លោក Mizushima និងកីឡាករបាល់ទាត់សិស្សវិទ្យាល័យមកពីសាលាសហព័ន្ធកីឡាបាល់ទាត់ជប៉ុននៅ Fukushima។

ទន្ទឹមនឹងនោះស្ថានទូតជប៉ុន បានសហការជាមួយភ្នាក់ងារទេសចរណ៍ជាតិជប៉ុន (JNTO) និងរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុននៅថ្ងៃទី១០ និង ១១ ខែវិច្ឆិកា។

លោកបានឱ្យដឹងទៀតថា ចាប់តាំងពីបើកដំណើរការជើងហោះហើរត្រង់ភ្នំពេញ-តូក្យូ នៅឆ្នាំ២០១៦ ចំនួនអ្នកធ្វើដំណើរពីកម្ពុជាទៅជប៉ុន កើនឡើង ៣,៦០០នាក់ នៅឆ្នាំ២០១២ ទៅ ១៧,០០០នៅឆ្នាំ២០១៧។ លោកឯកអគ្គរាជទូតជឿជាក់ថា ពិព័រណ៍ទេសចរណ៍ជប៉ុន នឹងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែច្រើនចង់ទៅកម្សាន្តនៅប្រទេសជប៉ុន ហើយលោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ ប្រជាជនកម្ពុជាកាន់តែស្គាល់ពីព្រឹត្តិការណ៍នៃខែមិត្តភាពកម្ពុជា-ជប៉ុន នេះកាន់តែច្រើនផងដែរ។

កម្មវិធីដែលប្រារព្ធឡើង ដើម្បីអបអរសាទរខួបទំនាក់ទំនងនៃប្រទេសកម្ពុជា-ជប៉ុននេះ រួមមាន៖
១. សន្និសីទ ASCOJA រៀបចំធ្វើឡើងនៅខេត្តសៀមរាប ដោយសមាគមអតីតនិស្សិតមកពីប្រទេសជប៉ុន ពីថ្ងៃទី១៩ ដល់២១ ខែតុលា
២. ពិព័រណ៍សិក្សានៅប្រទេសជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននៅថ្ងៃទី២០ ខែតុលា
៣. មហោស្រពបុងអូដូរី ធ្វើនៅផ្សារទំនើបអ៉ីអន២ នាថ្ងៃទី២១ ខែតុលា
៤. ការប្រកួតជ្រើសរើសបេក្ខជន តាមរយៈបទបង្ហាញ «អនាគតកម្ពុជា ៣០ឆ្នាំក្រោយ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី២៥ ខែតុលា
៥. កម្មវិធី Let's Cosplay លើកទី៥ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅថ្ងៃទី២៨ ខែតុលា
៦. កម្មវិធីប្រគល់កង់នៅវត្តឈូកវ៉ា រៀបចំដោយមូលនិធិគ្រប់គ្រងចំណតកង់ជប៉ុន នៅថ្ងៃទី៣១ ខែតុលា
៧. ការប្រកួតបាល់ទាត់មិត្តភាពយុវជននៅស្ថាតអូឡាំពិក រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣១ ខែតុលា
៨. ការប្រគំតន្ត្រីយ៉ូតាក្លាស៊ិកឆ្នាំ២០១៨ នៅសាលចតុមុខរៀបចំដោយក្រុមហ៊ុនតូយូតាកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា
៩. ពិធីរាំវង់អុដូរី នៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប រៀបចំដោយសមាគមជនជាតិជប៉ុនអង្គរ នៅថ្ងៃទី០៤ ខែវិច្ឆិកា
១០. ពិព័រណ៍ទេសចរណ៍ជប៉ុន នៅផ្សារទំនើបអ៉ីអន២ រៀបចំដោយទីភ្នាក់ងារជាតិទេសចរណ៍ជប៉ុននៅថ្ងៃទី១០-១១ ខែវិច្ឆិកា
១១. មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៨ នៅផ្សារទំនើបអ៉ីអន១ និងផ្សារទំនើបធីខេ រៀបចំដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ពីថ្ងៃទី៨-១១ ខែវិច្ឆិកា
១២. មហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៨ នៅខេត្តសៀមរាប រៀបចំដោយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ធ្វើឡើងពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា
១៨. គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន រៀបចំដោយអង្គការជប៉ុននានានៅកម្ពុជានាថ្ងៃទី១៨ ខែវិច្ឆិកា