(ភ្នំពេញ)៖ នៅអគ្គបញ្ជាការដ្ឋាន នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលជាមួយ វរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា នាយការិយាល័យអនុព័ន្ធយោធាឡាវប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីណែនាំខ្លួន ក្នុងខណៈដែលរូបលោកត្រូវ បានរាជរដ្ឋាភិបាល ក្រសួងការពារជាតិឡាវ ជ្រើសតាំងឱ្យមកបំពេញការងារនៅកម្ពុជា រយៈពេល៣ឆ្នាំ បន្តពីលោកអនុព័ន្ធចាស់ដែលបានចប់អាណត្តិទៅ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា ដែលត្រូវបានតែងតាំងជា នាយការិយាល័យអនុព័ន្ធយោធាឡាវថ្មីនាឱកាស នេះ។
លោកបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ និងលោកផ្ទាល់ បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហការដ៏ជិតស្និទ្ធ រួមចំណែកបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាផ្លែផ្កានេះទៅមុខទៀត។ លោកអគ្គមេបញ្ជាការ បានចូលរួមសោកស្តាយនូវការបាត់បង់ជីវិត ហេថារចនាសម្ព័ន្ធដោយដោយគ្រោះទឹកជំនន់នៅតំបន់មួយចំនួននៃប្រទេសឡាវ។
លោកបានបន្តថា៖ «យើងត្រូវខិតខំបន្តកិច្ចសហប្រតិបត្តិការបន្តទៀតលើការងារបង្រាបបទល្មើសផ្សេងៗ ដូចជាបទ ល្មើសកាប់ឈើ ជួញដូរគ្រឿងញៀន ។ល។»។
ចំពោះបញ្ហាព្រំដែន កងយោធពលខេមរភូមិន្ទ បានប្តេជ្ញាអនុវត្តន៍នូវអនុសាសន៍របស់ នាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរកម្ពុជា ឡាវ នៅទីក្រុងហានូយប្រទេសវៀតណាម នាពេលថ្មីៗនេះ ដើម្បីឱ្យព្រំដែនរវាងប្រទេសទាំងពីរក្លាយ ជាព្រំដែន មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការខ្ពស់។ នាយឧត្តមសេនីយ៍ មានជំនឿ ថា៖ បេសកកម្ម នាយការិយាល័យអនុព័ន្ធយោធាឡាវ ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជានាឱកាសនេះ នឹងបានបង្កើនការពង្រឹង និងពង្រីក បន្ថែមទៀត នូវចំណងសាមគ្គីភាព មិត្តភាព និងកច្ចសហប្រតិបត្តការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ កាន់តែរឹងមាំ ថែមទៀត។
លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងបានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទំាងពីរឡាវ-កម្ពុជា ដែលមានប្រវត្តិជាយូលង់ណាស់មកហើយ។
លោកសេនានុព័ន្ធយោធាឡាវបានប្តេជ្ញាខិតខំឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាង ណាជួយជ្រោមជ្រែងឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែល្អប្រសើរជាងមុន។ ចំពោះបញ្ហាព្រំដែនកងទ័ពប្រជាជនឡាវ បានឯកភាពនិងគាំទ្រទាំងស្រុងតាមកិច្ចព្រមព្រៀងរវាងរវាងនាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា ហើយមានជំនឿជឿជាក់ថា និងដោះស្រាយបានចប់នាពេលខាងមុខនេះ៕