(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) រួមជាមួយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) និងភាគីពាក់ព័ន្ធ បានសហការជាមួយវិទ្យាស្ថាន អភិបាលថៃ (Thai Institute of Directors-Thai IOD) បានរៀបចំសិក្ខាសាលាស្តីពី «កម្មវិធីមូលដ្ឋានគ្រឹះ សម្រាប់ភាពជាអ្នកដឹកនាំ (Director Foundation Program)» នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក.។
សិក្ខាសាលារយៈពេល ០២ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ចំណេះដឹងដល់ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនបោះផ្សាយ និងក្រុមហ៊ុនបោះផ្សាយសក្តានុពល ព្រមទាំងក្រុមហ៊ុន និង ស្ថាប័នសក្តានុពលជាច្រើនទៀតនៅក្នុងព្រះរាជណាចក្រកម្ពុជា ដោយបានផ្តោតទៅលើផ្នែកសំខាន់ៗ រួមមាន៖
១៖ ការបង្កើតក្រុមប្រឹក្សាភិបាលដែលមានប្រសិទ្ធភាព និងតួនាទីរបស់អភិបាលឯករាជ្យ
២៖ ការអនុវត្តផ្នែក ច្បាប់នៃភាពជាអភិបាល
៣៖ ភាពជាអ្នកដឹកនាំរបស់ក្រុមប្រឹក្សាភិបាលលើរបៀបវារៈហានិភ័យ ព្រមទាំងយុទ្ធសាស្រ្ត
៤៖ និន្នាការថ្មីនៃអភិបាលកិច្ចសាជីវកម្ម និងរបៀបបង្កើតស្តង់ដារអភិបាលកិច្ចសាជីវកម្មប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលាខាងលើ មានការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញជាន់ខ្ពស់មកពី Thai IOD ដែលមាន បទពិសោធន៍យូរឆ្នាំក្នុងការបណ្តុះបណ្តាល ព្រមទាំងការអនុវត្តការងារជាក់ស្តែងច្រើនពាក់ព័ន្ធនឹងភាពជាអ្នក ដឹកនាំ៕