(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់នៅកម្ពុជា ក្នុងគម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី (GIZ-SLSG) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដីពី «ប្រព័ន្ធអធិការកិច្ចការងារ និងរបបហានិភ័យការងារ» ដើម្បីផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ ក្នុងប្រព័ន្ធអធិការកិច្ចការងារ នីតិវិធីនៃការធ្វើអធិការកិច្ចការងារ។
ការរៀបចំសិក្ខាសាលានេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ តំណាងលោករដ្ឋមន្ត្រី អ៉ិត សំហេង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន បទពិសោធន៍ល្អៗ និងការអនុវត្តថ្មីៗ ក្នុងប្រព័ន្ធអធិការកិច្ចការងារ នីតិវិធីនៃការធ្វើអធិការកិច្ចការងារ ក៏ដូចជារបបហានិភ័យការងាររវាងប្រទេសស្ថិតក្រោមគម្រោង GIZ-SLSG ដើម្បីស្វែងរកដំណោះស្រាយ និងអភិវឌ្ឍទៅលើក្របខណ្ឌនៃវិស័យការងារ ដែលប្រទេសក្រោមគម្រោងកំពុងជួបប្រទះ។
លោក ម៉ម វណ្ណៈ បានឱ្យដឹងថា នៅក្នុងក្របខណ្ឌកំណែទម្រង់ប្រព័ន្ធអធិការកិច្ចការងារ ក្រសួងបានកែសម្រួលបញ្ជីត្រួតពិនិត្យ សម្រាប់ចុះធ្វើអធិការកិច្ចការងារ (Checklist) និងការតាក់តែងសៀវភៅណែនាំ (Guideline) សម្រាប់អធិការការងារចុះធ្វើអធិការកិច្ច តាមរយៈប្រព័ន្ធអធិការកិច្ចការងារតែមួយ ដោយបានសិក្សាប្រៀបធៀប និងបញ្ចូលការអនុវត្តល្អរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សំដៅពង្រឹងគុណភាព អធិការកិច្ចការងាររបស់អធិការការងារ ក៏ដូចជាពង្រឹងនូវការគោរពលក្ខខណ្ឌការងារ ស្របទៅនឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានបញ្ជាក់ថា ដើម្បីធានា និងលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» ដែលមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
ក្របខណ្ឌគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម និងសន្តិសុខសង្គម សម្រាប់មន្រ្តីសាធារណៈ និងវិស័យឯកជន ព្រមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បីធានាបានការអនុវត្តតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនឹងដាក់ជូនរដ្ឋសភាអនុម័តនៅចុងឆ្នាំ២០១៨ ក្នុងគោលបំណងពង្រីកវិសាលភាព នៃរបបសន្តិសុខសង្គម។
ក្នុងឱកាសនោះដែរ លោក ម៉ម វណ្ណៈ សង្ឃឹមយ៉ាងមុតមាំថា ស្ថានទូតសហព័ន្ធអាឡឺម៉ង់ តាមរយៈអង្គការ GIZ និងប្រទេសជាដៃគូនឹងបន្តគាំទ្របច្ចេកទេស លើការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីអាចចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរំពឹងថាកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕