(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យ នៅថ្ងៃពុធ ៨កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ៤៨៦នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ ( ពេទ្យលោកសង្ឃ ) ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រមទាំងសហការី បានអញ្ជើញជួបផ្ទាល់ ដល់បន្ទប់អ្នកជំងឺ ដោយបានពាំនាំនូវប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីការលំបាក និងពាំនាំសារអប់រំសុខភាពរបស់ សម្តេចប្រធាន ដែលផ្តាំផ្ញើជូនអ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ បរិភោគអាហារមានអនាម័យ និងជៀសវាងអាហារដែលនាំឱ្យមានជំងឺឬប៉ះពាល់សុខភាព ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង។ល។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ សូមជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយពីជំងឺបានវិលទៅជួបជុំគ្រួសារឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្រី ម៉ែន នារីសុជាតិ នាយិការងមន្ទីរពេទ្យព្រះកុសុមៈ តំណាងឱ្យអ្នកជំងឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ជួយសម្រាលការលំបាក និងចែករំលែកក្តីស្រឡាញ់ ជូនប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ចំណែកឯក្រុមគ្រួសារអ្នកជំងឺវិញ បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានគិតគូរថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។
អំណោយមនុស្សធម៌ ដែលបានចែកជូនអ្នកជំងឺចំនួន ៤៨៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស១គីឡូក្រាម ទឹកដោះគោខាប់៤កំប៉ុង នំប្រៃ១កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១ និងថវិកា ៥០,០០០រៀល។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺបានសរុបចំនួន ១,៥០៦នាក់រួចមកហើយ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕