(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពី អ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តន៍គម្រោងអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ និងអង្កេតកសិកម្មប្រចាំឆ្នាំ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កសិកម្មគឺជាវិស័យអាទិភាពចម្បងមួយ ក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀត ដែលជាកម្លាំងចលករជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជាវិស័យស្បៀងដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វជាដើម។ លោកបានបន្តថា ប្រសិនបើមើលទៅលើទិន្នន័យ ដែលបានមកពីការធ្វើជំរឿនកសិកម្មលើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០១៣កន្លងទៅ ចំនួនគ្រួសារសរុបនៅកម្ពុជាប្រមាណ៨៥% ប្រកបមុខរបរកសិកម្ម ដូចជាធ្វើស្រែចំការ ដាំដំណាំ ចិញ្ចិមសត្វ និងវារីវប្បកម្ម នេសាទជាដើម។ ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជាង២៥% ទទួលបានពីវិស័យសេដ្ឋកិច្ចបឋមមួយនេះ។
តាមទម្លាប់ការធ្វើជំរឿនកសិកម្ម ត្រូវធ្វើឡើងរយៈពេល១០ឆ្នាំម្តង ប៉ុន្តែដោយសារឆ្នាំ២០១៨នេះ ក្រសួងមិនមានថវិកាគ្រប់គ្រាន់ ទើបត្រូវបានពន្យារពេលធ្វើ នៅឆ្នាំ២០១៩តែម្តង។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់យ៉ាងដូច្នេះថា «ដូច្នេះឆ្នាំ២០១៨ គឺជាឆ្នាំដែលវិទ្យាស្ថានជាតិស្ថិតិ ត្រូវធ្វើអង្កេតពាក់កណ្តាលជំរឿនកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្ម និងជលផល។ ហេតុដូចនេះហើយទើបយើងកំពុងជួបជុំគ្នានៅថ្ងៃនេះ ដើម្បីគិតគូរ ពិភាក្សាគ្នា អំពីផែនការដ៏មានសារៈសំខាន់មួយនេះ។ គួររម្លឹកផងដែរថា ដោយសារតែឆ្នាំ២០១៨ យើងពុំទទួលបានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការគម្រោងនេះ ទើបយើងពន្យាការងារនេះទៅដល់ឆ្នាំ២០១៩»។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសូងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បាននឹងកំពុងតាំងចិត្តខ្ពស់ ក្នុងការធ្វើអង្កេតពាក់កណ្ដាលជំរឿនកសិកម្មឆ្នាំ២០១៩ និងការប្រមូលទិន្នន័យប្រចាំឆ្នាំ នាពេលខាងមុខនេះ ឲ្យសម្រេចខាងតែបានជោគជ័យ និងដោយមិនភ្លេចរួមសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា អង្គការ FAO និងនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) ផងដែរ។
លោកថាម្យ៉ាងវិញទៀត ការអនុវត្តគម្រោងអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ នឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាការបច្ចេកទេសជំរឿនកសិកម្មឆ្នាំ២០១៣ ដែលមានសមាសភាពមកពីក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធមួយចំនួនទៀត។
បើតាមលោកទេសរដ្ឋមន្ត្រី ឆាយ ថន បានគូសបញ្ជាក់បន្ថែមថា បើយោងទៅលើផែនការមេ ការធ្វើអង្កេតពាក់កណ្ដាលជំរឿនកសិកម្មឆ្នាំ២០១៩ ចែកជា ៤តំណាក់កាលធំៗគឺ៖
*ដំណាក់កាលទី១៖ ជាដំណាក់កាលពង្រឹងសមត្ថភាព ដោយផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពមន្រ្តីស្នូលនៅថ្នាក់ជាតិ និងមន្រ្តីនៅថ្នាក់ក្រោមជាតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម តាមរយៈការបង្កើតឡើងវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលចងក្រង វិភាគ បង្ហាញ ផ្សព្វផ្សាយ និងជាពិសេសការបណ្តុះបណ្តាលការប្រើប្រាស់ម៉ាស៊ីន Tablet សម្រាប់ស្រង់ព័ត៌មាន ដែលវាជាបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលពេញនិយមក្នុងការងារស្ថិតិនាសម័យកាលទំនើបកម្មនេះ។
*ដំណាក់កាលទី២៖ ជាដំណាក់កាលចុះប្រមូលទិន្នន័យជាក់ស្តែង នៅតាមមូលដ្ឋានដែលត្រូវបានជ្រើសរើសគំរូ ដោយគ្រោងប្រើប្រាស់ម៉ាស៊ីន Tablet ជំនួសឲ្យការប្រើប្រាស់ ក្រដាសដែលត្រូវចំណាយច្រើន។
*ដំណាក់កាលទី៣៖ ជាដំណាក់កាលដែលផ្តោតទៅលើការ វិភាគទិន្នន័យស៉ីជម្រៅ រួមទាំងការផលិតផែនទីស្ថិតិកសិកម្ម ជលផលរហូតទៅដល់កម្រិតតូចបំផុត។
*ដំណាក់កាលទី៤៖ ជាដំណាក់កាលផ្តោតទៅលើការពង្រីកវិសាលភាព នៃការផ្សព្វផ្សាយទិន្នន័យកសិកម្ម និងជលផលតាមគ្រប់មធ្យាបាយ ទាំងតាមរយៈការបោះពុម្ពផ្សាយ ការដាក់បញ្ចូលទិន្នន័យទំាងអស់នោះចូលទៅក្នុងប្រព័ន្ធគេហទំព័រ (Website) ដែលអាចបង្ករឲ្យមានភាពងាយស្រួលមួយកម្រិតធំទៀត សម្រាប់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិគ្រប់ស្រទាប់ ដោយចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងពីថ្នាក់តំបន់ទៅដល់ថ្នាក់ អន្តរជាតិ។
គួររម្លឹកថា ការធ្វើជំរឿនកសិកម្មឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តដោយមានកិច្ចសហការគ្នារវាងក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍មានដូចជា អង្គការ FAO អង្គការ Sweden Sverige ជំនួយអូស្រ្តាលី (Australian Aid) និងអង្គការ USAID បានអនុវត្តន៍ប្រកបដោយជោគជ័យ និងបានបង្ហាញនូវទិន្នន័យស្ថិតិ និងសូចនាករកសិកម្ម សំខាន់ៗដូចជា ស្ថិតិនៃការដាំដុះ ការចិញ្ចឹមបសុសត្វ បសុបក្សី និងស្ថិតិវារីវប្បកម្ម។ ទិន្និន័យនេះ ត្រូវបានប្រកាសលទ្ធផលជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នាពេលកន្លងទៅផងដែរ៕