(ភ្នំពេញ)៖ លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃ ដាក់ពន្ធនាគារ PJ ដើម្បីរង់ចាំការជំនុំជម្រះតាមនីតិវិធីជាក្រោយ ក្រោមបទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
បើយោងតាមរបាយការណ៍សមត្ថកិច្ចខណ្ឌឬស្សីកែវ បញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នាក់នៅ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ លី រតនៈ អាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា មានករណីបាញ់ប្រហារជាច្រើនគ្រាប់ កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច មុខផ្ទះល្វែងA4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិ គង្គារ ផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះខាងលើ ត្រូវរបួសជើងខាងស្តាំ ត្រូវបញជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។
បើតាមវីដេអូដែល Fresh News ទទួលបាន និងតាមការបញ្ជាក់របស់សមត្ថកិច្ចខ្លះផងនោះ បានឲ្យដឹងថា តាមពិតមន្រ្តីអាវុធហត្ថម្នាក់ បានចេញទៅជួយអន្តរាគមន៍បង្ក្រាបក្រុមក្មេងទំនើង ដែលសមត្ថកិច្ច ដេញតាមពីក្រោយតែប៉ុណ្ណោះ៕