(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាឲ្យអធិការក្រុង-ស្រុក ទូទាំងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ខិតខំបង្ក្រាបករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។
លោកឧត្តមសេនីយ៍ស្នងការបានថ្លែងបែបនេះ នាររសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំ គណៈស្នងការនគរបាលខេត្តព្រះវិហារ នៅស្នងការដ្ឋាននគរបាលខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ទោ យិន ចំណាន បានកោតសរសើរដល់អធិការក្រុង-ស្រុកទាំង៨របស់ខេត្តព្រះវិហារ ដែលមួយរយៈកាលកន្លងមកនេះ បានធ្វើកិច្ចការធំៗ ជាច្រើនទទួលបានជោគជ័យ ពិសេស គឺការពារបាននូវបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
លោកថា កន្លងមកការបង្ក្រាបករណីគ្រឿងញៀន នៅតាមបណ្តាអធិការក្រុង-ស្រុកនីមួយៗ មានការចូលរួមសហការជាមួយកម្លាំងស្នងការនគរបាលខេត្តជានិច្ច ប៉ុន្តែចាប់ពីពេលនេះតទៅអធិការក្រុង ស្រុកទាំងអស់ត្រូវឈរលើម្ចាស់ការបង្ក្រាបគ្រឿងញៀនដោយខ្លួនឯង ប្រសិនបើក្រុង-ស្រុកណា មានបទល្មើសគ្រឿងញៀនកើតឡើងគឺអធិការក្រុង-ស្រុកនោះ ជាអ្នកទទួលខុសត្រូវ។
លោក យិន ចំណាន បានថ្លែងថា កន្លងមកនេះអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលោក អ៊ុន ចាន់ដា បានប្តេជ្ញាចិត្ត និងបង្ក្រាបឱ្យអស់ករណីគ្រឿងញៀន នៅតាមមូលដ្ឋាន ដោយលោកបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើករណីនេះឱ្យបានខ្លាំងក្លាបំផុត។ ដូច្នេះជាមួយនិងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំខេត្ត សូមឱ្យអធិការក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហានេះដោយការទទួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួន៕