(ភ្នំពេញ)៖ ​នៅរសៀល​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលជាប់ពាក់ព័ន្ធករណីលួច​ម៉ូតូ។

ជនសង្ស័យរូបនេះ ​ឈ្មោះ ចាន់ណា វិរៈឆៃ ភេទប្រុស អាយុ​៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចយកម៉ូតូ​០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ​1GQ-1987 ជារបស់ជនរងគ្រោះឈ្មោះ អ៊ុត សុខចាន់ ភេទប្រុស អាយុ​១៨ឆ្នាំ ដែលចតទុកនៅមុខផ្ទះហើយពុំបានដកសោរចេញពីម៉ូតូនោះទេ បន្ទាប់មកជនរងគ្រោះបានដើរចូលក្នុងផ្ទះរបស់ខ្លួនបាត់ទៅ។

លុះប្រហែល០៥នាទីក្រោយមក ស្រាប់តែមានជនសង្ស័យ​ខាងលើ បានឆ្លៀតឱកាស​ចូលលួចយកម៉ូត ​របស់ជនរងគ្រោះ​តែសំណាងមិនល្អ ត្រូវបានជនរងគ្រោះឃើញ បានស្ទុះមកប្រតាយប្រតប់ជាមួយជនសង្ស័យ ហើយស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ដែលកំពុងល្បាតឃើញ បានចុះមកឃាត់ខ្លួនភ្លាមៗតែម្តង។ ករណីនេះកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុច​មុខផ្ទះលេខ៣១៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​។

តាមការសាកសួរ​របស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ​ខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ​រូបគេ បានទៅយកលុយពីការដាក់បញ្ចាំទូរស័ព្ទនៅម្តុំផ្សារឃ្លាំងរំសេវ តែយកមិនទាន់បានក៏ដើរត្រលប់មកផ្ទះវិញ លុះពេលដើរដល់ចំណុចកើតហេតុខាងលើ បានឃើញម៉ូតូ​០១គ្រឿង ចតទុកមុខផ្ទះដោយពុំឃើញមានម្ចាស់ ហើយមានសោរនៅជាប់និងម៉ូតូផង ភ្លាមនោះ រូបគេបានឆ្លៀតឱកាស​ចូលទៅលួចយក តែត្រូវបានជនរងគ្រោះឃើញ បានស្ទុះរត់មកចាប់ប្រតាយប្រតប់ជាមួយខ្លួន និងស្រែកឆោរឡោ ដឹងដល់សមត្ថអាវុធហត្ថចុះមកធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ៕