(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗ ចូលរួមភ្លក្សម្ហូបយ៉ាងពិសេសចំនួន៦មុខ ដែលសុទ្ធសឹងតែជាអាហារដ៏មានតម្លៃនៅក្នុងរាជវាំង ពោលមានតែព្រះមហាក្សត្រតែប៉ុណ្ណោះទើបមានសិទ្ធិសោយបាន ដែលចំអិនដោយចុងភៅដ៏ល្បាញល្បីមកពីប្រទេសកូរ៉េ។
ក្នុងចំណោម ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗទាំងអស់នោះ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ ដែលរៀបចំនៅក្នុងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតកូរ៉េ។
ម្ហូបទាំង៦មុខដែលចំអិនដោយចុងភៅមកពីប្រទេសកូរ៉េ រួមមាន ទី១៖ «បបរថារ៉ាក់ជុក» ដែលត្រូវបានចំអិនឡើងដោយការដាំរម្ងាស់ទឹកដោះគោ ជាមួយអង្ករកិន ថារ៉ាក់ គឺជាពាក្យបុរាណរបស់កូរ៉េ ដែលមានន័យថាទឹកដោះគោ, ទី២៖ «អូចល់ផាន់» វាជាអាហារមួយប្រភេទដែលគេធ្វើការទទូលទានដោយយកបន្លែ និងសាច់ សរុបចំនួន៥មុខ ពីក្នុងចានដែលមានបែងចែកជាប្រលោះៗ ទៅរុំខ្ចប់ជាមួយនំមីលចន់ប្យ៉ង់, ទី៣៖ «ញ៉ាំបង្គាចំហុយជាមួយទឹកគ្រាប់ស្រល់» វាគឺជាអាហាររាជវាំងដែលមានសាច់បង្គាទន់ៗ លាយជាមួយទឹកគ្រាប់ស្រល់, ទី៤៖ «ស៊ីនសន់ឡូ» សម្លឆ្នាំងភ្លើង ជាប្រភេទសម្លទឹក ដែលត្រូវគេដាំនៅក្នុងឆ្នាំងដែក ដែលត្រូវគេផ្សារផ្អោបភ្ជាប់ជាមួយបំពង់តូចមួយសម្រាប់ដុតភ្លើង វាជាអាហាររាជវាំងដ៏ល្បី, ទី៥៖ «ខាល់ប៊ីជីម ខឆ្អឹងជំនី» វាជាអាហារដែលត្រូវបានគេចម្អិនដោយខរម្ងាស់ ឆ្អឹងជំនី ជាមួយបន្លែជាច្រើនមុខ និងទឹកស៊ីអ៊ីវ និងទី៦៖ ប៊ីប៊ីមប៉ាប់ និងស៊ុបសាច់គោលាយជាមួយឆៃថាវ។
ថ្លែងក្នុងឱកាសនោះ លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ហាល់យ៉ូ (Hallyu = Korean wave = រលកកូរ៉េ) ត្រូវបានធ្វើការផ្សព្វផ្សាយទៅគ្រប់ប្រទេស ពាសពេញលើពិភពលោក ហើយអាចនិយាយបានថា អាហារកូរ៉េ គឺជាលក្ខណៈពិសេសបំផុត នៃវប្បធម៌កូរ៉េ។ អាហារកូរ៉េ គឺជាអាហារសុខភាពដែលមានលក្ខណៈធម្មជាតិ ប្រកបដោយសក្តានុពលភាពខ្ពស់ ក្នុងការទទួលបាននូវប្រជាប្រិយភាព អំពីជនបរទេសទាំងឡាយ។
បន្ទាប់បានភ្លក្សអាហារយ៉ាងពិសេសទាំង៦មុខ លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព័ត៌មានផ្សេងទៀត សុទ្ធតែបានបញ្ជាក់ដូចៗគ្នា អាហារទាំងអស់នោះ គឺពិតជាមានឱជារសឈ្ងុយឆ្ងាញ់ ព្រោះថាអាហារទាំងអស់នោះ ពិតជាមានតម្លៃណាស់ដោយសុទ្ធសឹងតែជាអាហារនៅក្នុងរាជវាំង៕