(ព្រះវិហារ)៖ បន្ទាប់ពីបានយល់ដឹងពីភាពខុសច្បាប់ នៃការប្រើប្រាស់កាំភ្លើងកែច្នៃផ្សេងៗ ប្រជាពលរដ្ឋជាច្រើននាក់ បានស្ម័គ្រចិត្តយកកាំភ្លើងកែច្នៃផ្សេងៗ មកប្រគល់ជូនសមត្ថកិច្ចវិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងវេទិកាប្រជុំផ្សព្វផ្សាយ ពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។

មន្ត្រីនគរបាលស្រុករវៀង បានឲ្យដឹងថា ប៉ុស្តិនគរបាលឃុំរមទម្យ បានសហការនឹងក្រុមប្រឹក្សាឃុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋ បើកវេទិកាប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយផ្តោតសំខាន់លើបញ្ហាការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៉ីសង ក៏ដូចជាក្រុមបងតូច-បងធំផងដែរ។

ជាមួយគ្នានេះ សមត្ថកិច្ចបានផ្តោតសំខាន់ដល់ផលប៉ះពាល់ នៃការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកអាវុធកែច្នៃ មកប្រគល់ជូនសមត្ថកិច្ច។

ក្រោយពីបានស្តាប់ការបកស្រាយរបស់សមត្ថកិច្ច ស្តីពីការប៉ះពាល់នៃការប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ប្រជាពលរដ្ឋក៏មានការភ្ញាក់រឭក និងបានប្រគល់អាវុធកែច្នៃខុសច្បាប់ចំនួន២៦ដើម ជូនសមត្ថកិច្ច។ ក្នុងនោះមានកាំភ្លើងកាប៊ិន១៣ដើម និងកាំភ្លើងខ្យល់១៣ដើមផងដែរ៕