(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានដោះស្រាយដោយផ្ទាល់ ករណីវិវាទបិទផ្លូវមិនឲ្យដើរ ក្នុងភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលរឿងវិវាទនេះ មានរយៈពេលប្រមាណជា៧ខែមកហើយ។
លោក គួច ចំរើន បានចុះមកដោះស្រាយដោយផ្ទាល់តែម្តង ដែលជាលទ្ធផល លោកបានសម្រេចឲ្យបើកផ្លូវនោះវិញ ដោយហេតុថាផ្លូវដីនោះ ជាផ្លូវរបស់រដ្ឋ។
គួររំឭកថា កាលពី៦ទៅ៧ខែមុន ផ្តើមចេញពីការលក់ដីដោយឈ្មោះ ស្រៀង សៀងលី ភេទស្រី អាយុ២៧ឆ្នាំ ជាម្ចាស់ដី ចង់លក់ដីឲ្យទៅឈ្មោះ កែម សុផាន់។ ប៉ុន្តែក្រោយមក ការលក់ដូរមិនបានជោគជ័យ ហើយភាគីទាំងពីរបានកើតជម្លោះ រហូតដល់ឈ្មោះ កែម សុផាន់ បានបិទផ្លូវដីទទឹង៤ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់។
បន្តបន្ទាប់មកឈ្មោះ សៀង លី បានដាក់ពាក្យបណ្តឹង ដោយមានប្រជាពលរដ្ឋ៥០នាក់ ផ្តិតមេដៃគាំទ្រ ដើម្បីស្នើសុំឲ្យមានការបើកផ្លូវនោះវិញ។ ករណីនេះ ថ្នាក់ឃុំ-ស្រុក ដោះស្រាយមិនបានជោគជ័យ ក៏បានធ្លាក់ដល់ដៃលោក អភិបាលខេត្តតែម្តង៕