(កំពត)៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» ដែលពីដើមឡើយជាតំបន់ជ្រលងភំ្ន ត្រូវបានចាប់ផ្ដើមធ្វើការអភិវឌ្ឍជាជំហានៗនោះ, លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានកាត់ខ្សែបូសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ។
រមណីយដ្ឋាននេះ បានផ្តើមកសាងតាំងពីចុងឆ្នាំ២០១៥មកម្លេះ ហើយវាជាកន្លែងធម្មជាតិ ដែលត្រូវបានក្រុមហ៊ុន «កោះតាដា» កែលម្អដើម្បីបើកឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិចូលមកកំសាន្ត ជាពិសេសកន្លែងទឹកធ្លាក់ដល់ស្រស់ត្រកាលមួយនេះតែម្តង។
លោកទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» បានចំណាយដើមទុនជាច្រើន ក្នុងការរៀបចំកែលម្អ ពង្រាបដីតាមចម្រៀកភ្នំ ដើម្បីសម្រួលការធ្វើដំណើរ ដែលមានប្រវែងផ្លូវចម្ងាយផ្លូវជាង៣គីឡូម៉ែត្រ ព្រមជាមួយការរៀបចំដាក់ប្រព័ន្ធរំដោះទឹក សាងសង់ស្ពាន និងការរៀបចំកន្លែងលំហែរកម្សាន្ត។ លោកបានបន្តថា កន្លែងកម្សាន្តទាំងនេះរួមមាន៖ ទឹកធ្លាក់តាដារូងចាន់, ទឹកធ្លាក់តាដាសច្ចាំង, អាងទំនប់បង្ហៀរទឹកសម្រាប់ទឹកងូត តាមថ្នាក់នីមួយៗដែលទឹកហូរធ្លាក់ពីជ្រលងភ្នំធម្មជាតិ ទៅតាមតម្រូវការអ្នកទេសចរណ៍។
ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» នេះដែរ ពិសេសអាស្រ័យដោយមានការកើនឡើង ជាលំដាប់ចំនួនភ្ញៀវទេសចរណ៍នោះ ទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា ក៏បានបញ្ជាក់ដែរថា លោកនឹងបន្ដធ្វើការអភិវឌ្ឍបន្ថែមទៀត សម្រាប់បំពេញសេចក្ដីត្រូវការ របស់ភ្ញៀវជាតិនិងអន្តរជាតិ មកកម្សាន្តនៅតំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាលមួយនេះ៕