(កំពង់ធំ)៖ ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតនោះ នៅព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ នាយករងអធិការដ្ឋានអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ លោកស្រី ទ្រីណាត់ និងព្រះចៅអធិការវត្តពោធិ ស្រុកបារាយណ៍ បាននាំយកឯកសណ្ឋានប្រជាការពារចំនួន៣០សម្រាប់ និងវិទ្យុទាក់ទងចំនួន៣៧គ្រឿង បំពាក់ជូនប្រជាការពារនៅ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាលើកទី២។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះប្រជាជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនាវាកម្ពុជា មានសន្តិភាព និងអភិវឌ្ឍ។
លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ ក៏បានផ្សព្វផ្សាយពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ហើយបានពន្យល់អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារជូន ដល់បងប្អូនប្រជាការពារ ដែលជាអ្នកអនុវត្តន៍ផ្ទាល់នៅមូលដ្ឋាន ជៀសវាងប្រព្រឹត្តខុសផ្ទុយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល។
លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមថែរក្សាទ្រព្យសម្បត្តិ ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីជាការរួមចំណែក ក្នុងការអនុវត្ត ភូមិ-ឃុំ មានសុវត្ថិភាព នឹងជួយឱ្យភូមិដ្ឋានមានសន្តិសុខល្អ ហើយលោកសន្យានឹងបន្តជួយនូវសម្ភារៈផ្សេងទៀត ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ក្នុងនោះលោកក៏បានឧបត្ថម្ភដល់ប្រជាការពារចំនួន ៦៨នាក់ ដោយក្នុងមួយនាក់ទទួលបានថវិការ ១ម៉ឺនរៀលផងដែរ។
អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមជាមួយប្រជាការពារបានអបអរសាទរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះការគិតគូរ និងដោះស្រាយបញ្ហាលំបាកក្នុងការបំពាក់ ឯកសណ្ឋានជាលើកទី២នេះជូនដល់គាត់ ហើយបងប្អូនបានប្តេជ្ញាចិត្តអនុវត្តន៍ ឱ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងប្តេជ្ញាចិត្តបំពេញឱ្យបានល្អនូវតួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ តាមសំណូមពរ៕