(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានឲ្យដឹងថា គណៈគ្រប់គ្រងបណ្តាសាកលវិទ្យាល័យមកពីប្រទេសថៃ និងប្រទេសទ្បាវ នឹងមកប្រជុំពិភាក្សាដើម្បីរៀបចំសន្និសីទអន្តរជាតិមួយ នៅសាកវិទ្យាល័យ UME ខេត្តកំពង់ចាម។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ លោកបានឲ្យដឹងទៀតថា សន្និសីទអន្តរជាតិរវាងប្រទេសទាំងបី នៅរៀបចំធ្វើឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០៩ខាងមុខនេះ។
លោក មួន វាសនា បានបន្តថា កន្លងទៅនេះ លោកបានរៀបចំដំណើរទស្សនកិច្ច និស្សិត បុគ្គលិកនិងសាស្ត្រាចារ្យ ចំនួន៣០នាក់ ក្នុងឆមាសទី១ ឆ្នាំ២០១៩ ដើម្បីផ្លាស់ប្តូរការសិក្សា និងការផ្លាស់ប្តូរវប្បធម៌ដើម្បីជាស្ពាន ទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីឈានទៅរកការចុះអនុសារណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Asia Pacific International University (APIU) ផងដែរ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងបានសម្រេចនឹងរៀបចំធ្វើសិក្ខាសាលា ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យហៃណាន ខេត្តហៃណាន និងសាកលវិទ្យាល័យ ស៊ុន យ៉ាសេត នៅខេត្តក្វាងចូវ ប្រទេសចិន នៅដើមខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហើយក៏នឹងមានចុះអនុសារណៈយោគយល់គ្នាផងដែរ។ ម្យ៉ាងទៀត វិទ្យាស្ថានហៃណាននៃប្រទេសចិន នឹងបញ្ចូននិស្សិតចិន៨នាក់ មកផ្លាស់ប្តូរការសិក្សារៀនសាកលវិទ្យាល័យ UME ចំណែកសាកលវិទ្យាល័យ UME ក៏នឹងបញ្ជូននិស្សិតទៅ៨នាក់វិញដែរ ដើម្បីផ្លាស់ប្តូរការសិក្សា រៀននៅវិទ្យាស្ថានហៃណាន។
លោកបានបន្ថែមថា និស្សិតរៀននៅសាកលវិទ្យាល័យ UME មានឱកាសនឹងបានទទួលអាហារូបករណ៍ទៅរៀន នៅប្រទេសចិន និងប្រទេសថៃ តាមរយៈការប្រទ្បងប្រកួតប្រជែងជ្រើសរើស ទៅតាមសមត្ថភាពរបស់និស្សិតផ្ទាល់ខ្លួន។
បើតាមលោក មួន វាសនា នៅថ្ងៃទី២០ តុលាខាងមុខនេះ ក៏មានការប្រទ្បងជ្រើសរើសអាហាររូបករណ៍ សម្រាប់និស្សិតចូលរៀនឆ្នាំទី១ ដែលបានទទួលអាហារូបករណ៍ពី៥០% ដល់ ១០០% ហើយនៅថ្ងៃទី២១ ខែតុលាខាងមុខនេះ នឹងមានការប្រទ្បងជ្រើសរើសនិស្សិតឆ្នើម ទៅទស្សនកិច្ចសិក្សានៅប្រទេស សឹង្ហបុរី- ម៉ាឡេស៊ី ប្រទេសចិន និងប្រទេសថៃ ចំនួន១២រូបផងដែរ៕