(ភ្នំពេញ)៖ លោក Peter Kazimœr ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក បានសម្តែងនូវការវាយតម្លៃខ្ពស់ និងអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល២ទស្សវត្សចុងក្រោយនេះ សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមជាង៧% ដែលនាំឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿន នៅលើពិភពលោក ។
ការអបអរនេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋស្លូវ៉ាក ដឹកនាំដោយលោក Peter Kazimœr ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក អមដំណើរដោយក្រុមធុរជនស្លូវ៉ាក មានសមាជិកសរុបចំនួន៤២នាក់ ចូលជួបអញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
នាកិច្ចជួបពិភាក្សានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់លោក Peter Kazimœr និងគណៈប្រតិភូទាំងមូល ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាកនៅកម្ពុជាលើកនេះ ប្រទេសទាំងពីរ កម្ពុជា-ស្លូវ៉ាកនឹងពង្រឹងបានថែមទៀត នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងពង្រីងនូវទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហ- ប្រតិបត្តិការលើវិស័យផ្សេងៗ ជាច្រើនទៀត ដូចជា ការអប់រំ/ការអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ល។
ទាំងនេះបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក Peter Kazimœr ក៏បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលស្លូវ៉ាក បានត្រៀមជាស្រេចក្នុងការចែករំលែកបទពិសោធន៍ ដែលស្លូវ៉ាកមាន ដល់ភាគីកម្ពុជា ជាពិសេស ពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុសាធារណៈ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងអំណរគុណដល់ លោក Peter Kazimœr និងរដ្ឋាភិបាលស្លូវ៉ាក ចំពោះកាយវិការប្រកបដោយកិច្ចសហប្រតិបត្តិការនេះ ហើយក៏បានជម្រាបជូនថា កំណែទម្រង់លើវិស័យហិរញ្ញវត្ថុសាធារណៈ ជាកំណែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហ- ប្រតិបត្តិការបច្ចេកទេស ក៏ដូចជា បទពិសោធន៍របស់ស្លូវ៉ាក គឺជាបទពិសោធន៍ដែលកម្ពុជា នឹងសិក្សាស្វែង យល់បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ការអនុវត្តន៍នៅកម្ពុជា៕