(ស្វាយរៀង)៖ លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី វប្បធម៌បង់ពន្ធ និងបទបញ្ញត្តិពន្ធដារៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបនូវ បទប្បញ្ញត្តិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តនានាជាពិសេសពាក់ព័ន្ធ សិទ្ធ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអាករជូនលោក លោកស្រីជាអភិបាល ឬអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន សំដៅធានាអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមនីតិវិធីកំណត់ និងប្រកបដោយតម្លាភាព បង្កើនភាពជឿជាក់ទំនុកចិត្តពីសំណាក់លោកលោកស្រីមកលើអាជ្ញាធរសាធារណៈ។
លោក ប្រាក់ សុវណ្ណ ថ្លែងយ៉ាងដូច្នេះ ខណៈដែលលោកអញ្ជើញដឹកនាំបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វប្បធម៌បង់ពន្ធ និងបទបញ្ញត្តិពន្ធដាដែលបានសហការរៀបចំដោយនាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដា និងសាខាពន្ធដាខេត្តស្វាយរៀង ដែលមានអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ បានចូលរួមនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ។
អភិបាលរងខេត្តស្វាយរៀងរូបនេះ បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដា ជាសេនាធិការបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយការជឿជាក់ និងមានចក្ខុវិស័យច្បាស់លាស់ដោយគិតគូរពីផលប្រយោជន៍ និងតម្រូវការរបស់អាជីវករ និងការធានារក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិមួយដ៏រឹងមាំ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤។
លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូរអភិវឌ្ឍប្រទេសដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ពិតណាស់ថវិកាដែលប្រមូលបាននេះ គឺចូលរួមយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិយើង ទាំងមូល ក្នុងនោះ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិការទាំងអស់សម្រាប់៖ ទី១៖ បើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, ទី២៖ សាងសង់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ (សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់), ទី៣៖ កសាងប្រពន្ធ័ធារាសាស្ត្រ, ទី៤៖ ចំណាយលើវិស័យសន្តិសុខ និងការពារជាតិជាដើម។ល។
ក្នុងន័យពង្រឹងការផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរដោយសព្វថ្ងៃ ក្នុងខេត្តស្វាយរៀងយើងនេះ មានការសាងសង់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ថ្នល់ប្រពន្ធ័ទឹក ទាំងនេះបានពីការចូលរួមបង់ពន្ធពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប និងត្រូវគោរពគោរពអនុវត្តច្បាប់នានាក្នុងប្រទេស ជាពិសេសច្បាប់ស្តីពីសារពើពន្ធ៕