(កំពង់ធំ)៖ ដោយមើលឃើញពីការខិតខំប្រឹងប្រែង ក្នុងវិស័យកសាងអង្គភាពរបស់បញ្ជាការដ្ឋានប្រតិបត្តិការសឹករង ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភស៉ីម៉ង់ត៍ចំនួន២០តោន។

ការផ្តល់ជំនួយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីតបតាមសំណើ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីយកមកកសាងកែលម្អ នៅតាមបណ្តាកងឯកភាពចំណុះ និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។

នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារតំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកស៊ីម៉ង់ត៍ទាំង២០តោននេះ មកផ្តល់ជូនលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទុកសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ក្នុងវិស័យកសាងអង្គភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងអង្គភាពទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងក្រុមការងារតំណាងទាំងអស់ ដែលបានផ្តល់ជំនួយទាំងនេះ៕