(ស្វាយរៀង)៖ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហាររបស់ប្រជាពលរដ្ឋនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទំនិញគ្រប់មុខ នៅច្រកកំពង់ស្ពាន សង្កាត់បាវិត ក្រុងបាវិត ដើម្បីរកសារធាតុគីមីដាក់ក្នុងមុខទំនិញប្រមាណ៣០មុខ តែពុំបានរកឃើញសារធាតុគីមីនោះទេ។
លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា នៅព្រឹកនេះសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយយោធាព្រំដែន ចំណុះកងវរសេនាតូចលេខ២ ឈរជើងនៅច្រកកំពង់ស្ពាន ស្ថិតក្នុងសង្កាត់បាវិត ដើម្បីចុះត្រួតពិនិត្យបន្លែ ផ្លែឈើ ត្រីសាច់គ្រប់ប្រភេទ ដែលនាំចូលពីប្រទេសវៀតណាមរកសារធាតុគីមីហាមឃាត់ ដាក់លើបន្លែ ផ្លែឈើ និងម្ហូបអាហារដែលក្រុមអាជីវករ ដឹកមកលក់តាមផ្សារនានា ក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។
លោក ផឹង និល បានបន្តថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃការ ទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យនៅវេលាទៀបភ្លឺនៅថ្ងៃនេះ មន្ត្រីជំនិញបានធ្វើការពិនិត្យមុខទំនិញជិត៣០មុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ក្នុងនោះមន្ត្រីរបស់យើងពុំបានរកឃើញសារធាតុគីមី ដាក់នៅក្នុងទំនិញទាំងនោះទេ។
ជាមួយគ្នានេះដែរ ប្រធានសាខាកាំកុងត្រូលរូបនេះក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឱ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់ សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានដូចភ្លៀងរលឹម៕