(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានរៀបចំពិព័រណ៍អប់រំលើកទី១ ស្ដីពី First CHEA Education Fair ក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
លោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិសមាគមបានថ្លែងថា «បច្ចុប្បន្ន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានសមាជិក១០៤គ្រឹះស្ថាន នៅទូទាំងប្រទេស ហើយកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម សកម្មភាពមនុស្សធម៌ ការងារបណ្តុះបណ្តាល ជាពិសេសបានសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើក កម្ពស់វិស័យអប់រំ និងបង្កើតធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍ ធនធានមនុស្ស»។
លោកបណ្ឌិតបន្ថែមថា នៅក្នុងកម្មវិធីនេះមានគោលបំណងសំខាន់ នៃការរៀបចំពិព័រណ៍អប់រំលើកទី១ នាពេលនេះ គឺផ្តល់ភាពងាយស្រួលជូនដល់មាតា បិតា អាណាព្យាបាល និងសិស្ស-និស្សិត ដើម្បីទទួលបានព័ត៌មានលម្អិតអំពីព័ត៌មានសិក្សា ពេលវេលានៃការបើកបវេសនកាលទីតាំងនៃគ្រឹះស្ថានសិក្សាមុខវិជ្ជាកម្មវិធី និងតម្លៃសិក្សា ជាពិសេសឱកាសទទួលបានអាហារូបករណ៍ពីគ្រឹះស្ថាន សិក្សាទាំងអស់ ដែលជាសមាជិកសមាគម។
ចំណែកលោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក យក់ ង៉ុយ បានឲ្យដឹងថា «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណនូវវិស័យឯកជនក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សនៅកម្ពុជាឲ្យមានការរីកចម្រើនបន្ដទៀត ឲ្យស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបន្តទៀតថា ការរៀបចំពិព័រណ៍អប់រំនេះឡើង គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយ ឲ្យមានការរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាល្អក្នុងអនាគតខាងមុខ។ លោកថា ការតាំងពិព័រណ៍ ពិតជាផ្ដល់ឱកាសល្អ ដើម្បីឲ្យសិស្សនិស្សិតកម្ពុជា និងសាធារណជនបានសិក្សា និងស្វែងយល់ពីប្រព័ន្ធអប់រំតាមគ្រឹះស្ថានឯកជននានានៅក្នុងកម្ពុជា ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការជ្រើសរើស និងបញ្ជូនកូនចៅ ទៅសិក្សានៅទីនោះ។
ជាទីបញ្ចប់ ភាគីពាក់ព័ន្ធ ក៏បានអញ្ជើញកាត់ខ្សែបូ បើកឲ្យចូលទស្សនាស្តង់ពិព័រណ៍របស់សមាជិកសមាគមជាផ្លូវការ និងបានថតរូបអនុស្សាវរីយ៍នាពេលនោះផងដែរ៕