(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចាស់ និងហាងលក់ទំនិញមួយចំនួនក្នងខណ្ឌដូនពេញ បានចុះត្រួតពិនិត្យទំនិញ
និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ ចែកចាយលើទីផ្សារ ដោយប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
លោក ជួន សុជាតិ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំផ្ទាល់បានឲ្យដឹងថា ក្នុងការងារនោះក្រុមជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើទំនិញមួយចំនួនដូចជា៖ អំបិលអ៊ីយ៉ូដ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។ ជាលទ្ធផល ពុំឃើញមានសារធាតុគីមីហាមឃាត់ទេ និងយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោពន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ។
លោកបន្តថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជាប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕