(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានបន្តចុះពិនិត្យនៅការដ្ឋានវិមានឈ្នះឈ្នះ ដើម្បីផ្ដល់អនុសាសន៍សំខាន់ៗ ក្នុងកិច្ចសហការរវាងក្រុមសាងសង់ និងក្រុមរៀបចំពិធី ដើម្បីធ្វើឲ្យកាន់តែរលូន និងឲ្យមានសង្គតភាពនៅលើកម្មវិធីធំៗ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានពិនិត្យលើការដាក់ចូលទ្វារជ័យ ការតម្លើងទ្វារជ័យ និងបានពិនិត្យភូមិសាស្រ្តទីធ្លា ប្លង់ សម្រាប់ឲ្យអនុគណៈកម្មការ បន្តរៀបចំពិធីនានាជាទុនដើម្បីរៀបចំពិធីក្នុងនេះ ក៏បានរៀបចំពិនិត្យមើលការវិវត្តន៍ នៃដើមឈើ ចម្លាក់សំណង់នានា និងការចាប់ផ្ដើមរៀបចំសារមន្ទីរ ផ្សេងៗផងដែរ។
នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ ដែលបានអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកមិញនេះ ជាមួយលោកឧត្តមសេនីយ៍ឯក ខៀវ ឆេន និងវីរវិចិត្រករ អ៊ុត រឿន ព្រមទាំងគណៈកម្មការរៀបចំពិធី។
ក្នុងឱកាសនោះ សម្តេច ទៀ បាញ់ បានផ្ដល់អនុសាសន៍យ៉ាងមុតមាំ និងស៊ីជម្រៅលើភាពជាក់ស្ដែង នៃដំណើរការចាប់ពីនេះតទៅ បន្ទាប់ពីកិច្ចប្រជុំម្សិលមិញ នៅទីស្ដីការគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាពរួចហើយ ហើយបានជំរុញឲ្យអនុគណៈកម្មការនីមួយៗ ខិតខំតាមមុខព្រួញរៀងៗខ្លួន ដោយចាត់ទុកថានេះ គឺជាការដ្ឋានក្ដៅសមរភូមិក្ដៅមួយ សម្រាប់ការរៀបចំប្រារព្ធទិវា២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការសម្ពោធវិមាននេះ ឲ្យមានភាពអធិកអធ័មជាប្រវត្តិសាស្រ្ត មានអត្ថន័យដ៏ជ្រាលជ្រៅដល់ប្រជាជន និងមនុស្សជាតិទូទៅ។
ក្នុងកិច្ចដំណើរការនេះផងដែរ សម្តេចប្រធានគណៈកម្មាធិការ ក៏បានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធជុំវិញ ទាំងធនធានមនុស្ស បច្ចេកទេសនានា សម្រាប់បំពេញការងារនេះ ឲ្យជោគជ័យក្នុងពេលដែលនៅសល់រយៈពេល០២ខែខាងមុខនេះ។
សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។
ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមាន ជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕