(ចិន)៖ ចិនដីគោកបានមានករណីទារក ចាប់កំណើតក្រៅផ្ទៃម្តាយលើកដំបូងបង្អស់ កាលពី៣០ឆ្នាំមុន។ ចាប់ពីពេលនោះមក បច្ចេកវិទ្យានេះ បានជួយឱ្យគូស្វាមីភរិយាកាន់តែច្រើនឡើង អាចមានកូន។ ហើយប្រទេសចិនមានទារកដែលចាប់កំណើត តាមបច្ចេកវិទ្យាបន្តពូជដែលមានជំនួយនេះ ដល់ទៅជាង២សែននាក់ ក្នុង១ឆ្នាំ។
មន្ទីរពេទ្យទីបីនៃសាកលវិទ្យាល័យប៉េកាំង ដែលហៅកាត់ថា ភុត (PUTH) គឺជាកន្លែងដែលផ្តល់កំណើតដល់បច្ចេកវិទ្យាបន្តពូជ ដែលមានជំនួយទំនើប។ មន្ទីរពេទ្យនេះ បានស្វែងរកវិធីសាស្ត្រជាច្រើន អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីជួយឱ្យគូស្វាមីភរិយាដែលជួបបញ្ហា មិនមានកូន អាចមានកូនបាន រួមទាំងគូស្វាមីភរិយានាជំនាន់ដែលប្រទេសចិនអនុញ្ញាតឱ្យប្រជាជនមានកូនត្រឹមតែម្នាក់ក្នុងមួយគ្រួសារផងដែរ។
អ្នកស្រី លាវ ភីង អនុប្រធានមណ្ឌលវេជ្ជសាស្ត្របន្តពូជ នៃមន្ទីរពេទ្យទីបីនៃសាកលវិទ្យាល័យប៉េកាំង និយាយថា «មន្ទីរពេទ្យទីបីនៃសាកលវិទ្យាល័យប៉េកាំង តែងតែបានតាមដានស្ថាប័នដែលនាំមុខគេក្នុងវិស័យនេះយ៉ាងដិតដល់។ ជាង៣០ឆ្នាំមកនេះ យើងបានរៀនសូត្រអំពីបច្ចេកវិទ្យាបន្តពូជដែលមានជំនួយនេះ បន្តិចម្តងៗ ពីចំនុចសូន្យឡើងមក។ ឥឡូវ មន្ទីរពេទ្យយើង មានគុណភាពស្មើនឹងមន្ទីរពេទ្យលំដាប់កំពូលក្នុងពិភពលោកហើយ»។
រយៈពេល៣០ឆ្នាំនៃការអភិវឌ្ឍបច្ចេកវិទ្យា បានដើរស្របគ្នានឹងការផ្លាស់ប្តូរផ្នែកនយោបាយនិងសេដ្ឋកិច្ចក្នុងប្រទេសចិន។
អ្នកស្រី លាវ ភីង អនុប្រធានមណ្ឌលវេជ្ជសាស្ត្របន្តពូជ នៃមន្ទីរពេទ្យទីបីនៃសាកលវិទ្យាល័យប៉េកាំង និយាយថា «កំណែទម្រង់និងការបើកចំហរទីផ្សារ បានផ្តល់ឱកាស ដែលបង្កើតបានជាផ្លូវមួយ សម្រាប់ឱ្យប្រទេសចិនអាចរៀនសូត្រអំពីបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ព្រមទាំងអាចចែករំលែកគំនិតច្នៃប្រឌិតថ្មីៗជាច្រើន ជាមួយប្រទេសឯទៀត។ វាបានជួយឱ្យយើងអាចយកឈ្នះលើការលំបាក ដកពិសោធន៍ បណ្តុះធនធានមនុស្ស ព្រមទាំងបង្កើតប្រព័ន្ធនិងវិធីព្យាបាលមួយរបស់យើងដោយខ្លួនឯងតែម្តង»។
កាលពីឆ្នាំ១៩៧៨ ទារកដែលបានចាប់កំណើតក្រៅផ្ទៃម្តាយដំបូងគេបង្អស់ ឈ្មោះថា លូអ៊ីស ប្រោន (Louis Brown) បានកើតក្នុងប្រទេសអង់គ្លេស។ ១០ឆ្នាំក្រោយមក គ្រូរបស់អ្នកស្រីលាវ គឺវេជ្ជបណ្ឌិត ចាង លីជូ បានបង្កើតទារកដែលចាប់កំណើតក្រៅផ្ទៃម្តាយដំបូងគេបង្អស់របស់ប្រទេសចិន ឈ្មោះថា ចឹង មឹងជូ។
អ្នកស្រី លាវ ភីង អនុប្រធានមណ្ឌលវេជ្ជសាស្ត្របន្តពូជ នៃមន្ទីរពេទ្យទីបីនៃសាកលវិទ្យាល័យប៉េកាំង និយាយថា «ខ្ញុំគិតថា គាត់ប្រហែលជាចំណាំមន្ទីរពេទ្យនេះបាន។ គាត់មានចំណងផ្លូវចិត្តមួយជាមួយទីនេះ។ ប្អូនស្រី ចឹង បានមកហាត់ការងារនៅទីនេះ កាលពីជំនាន់ដែលគាត់នៅរៀនសាកលវិទ្យាល័យ ហើយគាត់ក៏បានធ្វើការនៅទីនេះ តាំងពីពេលរៀនចប់មកម្ល៉េះ»។
ចឹងគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានកើតមកតាមរយៈបច្ចេកវិទ្យានេះ។ កាលពីឆ្នាំមុន មន្ទីរពេទ្យនេះ បានព្យាបាលអ្នកជំងឺដែលជួបបញ្ហាមិនមានកូន ចំនួន៣ម៉ឺននាក់។ ហើយដោយសព្វថ្ងៃ ប្រទេសចិនកំពុងអនុវត្តគោលនយោបាយកូន២ គូស្វាមីភរិយាកាន់តែច្រើននៅប្រទេសចិន មិនថាគូដែលមានកូនលើកទីមួយ ឬ ទីពីរនោះទេ នឹងស្វះស្វែងរកប្រើបច្ចេកវិទ្យានេះ ដើម្បីមានកូននឹងគេ៕ (សារព័ត៌មាន CCTV របស់ចិន)