(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិទាំងអស់ ត្រូវបន្តអនុវត្ត រាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដី គ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។
ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីពី «El Nino-Southern Oscillation (ENSO), and Enabling the Business in Agriculture (EBA)» ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារ Raffles Le Royal នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
ដើម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ផលប៉ះពាល់ពីឥទ្ធិពល នៃបាតុភូតធម្មជាតិ «El Nino» លោក វេង សាខុន ក៏បានផ្តល់នូវសារគន្លឹះមួយចំនួន ជូនអង្គពិធីទាំងមូល ដើម្បីពិចារណាអនុវត្ត ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងរួមមាន ៖
ទី១៖ បង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្ស លើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ នៃពូជដំណាំ ពូជសត្វ និងធនធានជលផល ដែលមានលទ្ធភាពបន្ស៊ាំ ទៅនឹងភាពរាំងស្ងួត ទឹកជំនន់ ការកើនកម្តៅ និងការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ ដែលបណ្ដាលមកអំពីឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃបាតុភូតធម្មជាតិ «El Nino» ដោយត្រូវពង្រឹងការងារពិសោធន៍ស្រាវជ្រាវ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) ឲ្យមានសន្ទុះកាន់តែខ្លាំងឡើង។
ទី២៖ បង្កើនសមត្ថភាពដល់កសិករងាយរងគ្រោះ លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងផលិតកម្មដំណាំ និងសត្វ ដែលអាចបន្ស៊ាំ បានទៅនឹងការប្រែប្រួលអាកាសធាតុឥទ្ធិពល នៃបាតុភូតធម្មជាតិ «El Nino» ដោយជំរុញឲ្យ បានខ្លាំងក្លានូវសេវាកម្មផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ ដែលបានអភិវឌ្ឍ ទៅក្នុងលក្ខខណ្ឌផលិតកម្មជាក់ស្ដែង ដើម្បីធានាសុវត្ថិភាពស្បៀង និងបង្កើនប្រសិទ្ធភាពអន្តរាគមន៍ ជួយសង្គ្រោះ និងស្តារការខូចខាតដែលបណ្តាលមកពីឥទ្ធិពលនៃបាតុភូតធម្មជាតិ។
ទី៣៖ កាត់បន្ថយនូវការបាត់បង់ និងរេចរឹលព្រៃឈើ និងផលិតកម្មកសិកម្មពុំសមស្រប ដោយជំរុញលើកទឹកចិត្តឲ្យមានការអភិរក្ស ការគ្រប់គ្រង និងការអភិវឌ្ឍធនធនធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសការពង្រឹង សហគមន៍ព្រៃឈើ រួមបញ្ចូលការចិញ្ចឹមសត្វ ការដុះដំណាំមួយចំនួន ក្នុងការបង្កើនគម្រាបព្រៃឈើ ហើយអាចទាញយកផលប្រយោជន៍ សម្រាប់សហគមន៍ ដែលមានលក្ខណៈសេដ្ឋកិច្ច ។
ទន្ទឹមនឹងនេះ ក៏ត្រូវជំរុញការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងវិស័យជលផល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ «El Nino» ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អប្រព័ន្ធអេកូឡូស៊ីទឹក ទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មគ្រប់ប្រភេទ ព្រមទាំងពង្រឹងសមត្ថភាព គ្រប់គ្រងសហគមន៍នេសាទ ឲ្យកាន់តែមានប្រសិទ្ធភាព។
ទី៤៖ ជំរុញការអភិវឌ្ឍធនធានមនុស្ស សម្រាប់ជាមូលដ្ឋានគន្លឹះ នៃការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបង្កដោយឥទ្ធិពល នៃបាតុភូតធម្មជាតិ «El Nino» ការប្រែប្រួលអាកាសធាតុ លើផលិតកម្ម ដំណាំ សត្វ ព្រៃឈើ និងជលផល តាមរយៈការអប់រំបណ្ដុះបណ្ដាល ការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយចំណេះដឹង និងចំណេះធ្វើដែលពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅ នៃភពផែនដី។
ជាមួយគ្នានេះ ប្រព័ន្ធស្ថិតិកសិកម្ម ដែលបង្ហាញពីទិន្នន័យជាក់លាក់ នៃផលប៉ះពាល់ បង្កដោយឥទ្ធិពលនៃបាតុភូតធម្មជាតិ «El Nino» នឹងត្រូវពង្រឹងឲ្យបានសមស្រប។ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គឺជាយន្តការដ៏មានប្រសិទ្ធភាព នៃការជួយសម្រាលការលំបាក របស់ប្រជាជនដែលរងគ្រោះ ហើយប្រព័ន្ធស្បៀងបម្រុង កម្ពុជាក៏នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីជួយដល់អ្នករងគ្រោះពីបាតុភូតធម្មជាតិ ពិសេសយកចិត្តទុកដាក់ដល់ស្តី្រ និងកុមារជាចម្បង។
ទី៥៖ ខ្ញុំសូមស្នើដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិទាំងអស់ សូមបន្តគាំទ្រ ទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុ សម្រាប់ការអនុវត្តបណ្តាវិធានការនានា ដូចមានចែងក្នុង គោលនយោបាយនានា និងផែនការសកម្មភាពពាក់ព័ន្ធនឹងការ ការប្រែប្រួលអាកាសធាតុ ពិសេសឥទ្ធិពលនៃបាតុភូតធម្មជាតិ «El Nino» កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី ការសិក្សាពាក់ព័ន្ធ ដល់ការបង្កើតការធានារ៉ាប់រងកសិកម្ម ការកំណត់តំបន់ដាំដុះកសិកម្ម រួមជាមួយនឹងផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងធនធានក្នុងការផ្លាស់ប្តូរមុខដំណាំ។
ទី៦៖ ជំរុញការអនុវត្តកសិកម្មល្អ ប្រកបដោយស្ថិរភាព តាមលក្ខការណ៍នៃការគ្រប់គ្រងទឹកបៃតង ការធ្វើនវានុវត្តន៍កសិកម្ម ដោយមានការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការដាំដុះ ដែលមានភាពធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបាតុភូតធម្មជាតិ «El Nino» ដោយដាក់បញ្ចូលគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។
ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ដើម្បីធានាឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ រវាងកសិករ និងកសិករ ព្រមទាំងត្រូវធ្វើឲ្យប្រសើរឡើង ដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយ ឲ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។
ទី៧៖ ត្រូវបន្តអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដី គ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ជាមួយគ្នានេះ គ្រប់ភាគីពាក់ព័ន្ធអង្គភាពជំនាញត្រូវបន្តខិតខំ ក៏ត្រូវលើកកម្ពស់ ការប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករ ទៅជាកសិ-ពាណិជ្ជករ ជាពិសេសកសិករដែលមានដីស្រែចម្ការតិចតួច ឲ្យទទួលបានប្រាក់ចំណូល ស្របតាមកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាព នៃការ ប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះឲ្យអស់លទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ជួយគិតគូរឲ្យបានស៊ីជម្រៅ ដោយមិនត្រូវធ្វើតាមគ្នានោះឡើយ ហើយក៏ជាការងារមួយ ដែលអាចជួយកាត់បន្ថយការធ្វើចំណាកស្រុក របស់បងប្អូនផងដែរ៕