(ប៉ៃលិន)៖ លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន ជំរុញឲ្យអង្គភាពស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សហគមន៍ អង្គការដៃគូទាំងអស់ ត្រូវចូលរួមសហការ និងគាំទ្រដោយយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា និងសកម្មបំផុត ដើម្បីអនុវត្តន៍ផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ ឲ្យទទួលបានជោគជ័យ ទៅតាមផែនការកំណត់។
ការលើកឡើងបែបបនេះរបស់ លោក ហែម ឫទ្ធី បានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងឱកាសលោកអញ្ជើញ បើកសិក្ខាសាលារៀបចំផែនការ សកម្មភាពថ្នាក់ខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក ពេជ្រ សំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតំណាងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់ផងដែរ។
លោក ពេជ្រ សំបូរ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការសកម្មភាពថ្នាក់ជាតិ ដែលមាន២ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយផ្តោតទៅលើសកម្មភាព ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដូចជាទី១៖ការផ្គត់ផ្គង់ទឹកមានការកែលម្អ, ទី២៖ការប្រើប្រាស់បង្គន់អនាម័យ, ទី៣៖ការលាងដៃ និងសាប៊ូ, ទី៤៖ការប្រើប្រាស់ទឹកប្រព្រឹត្តកម្ម និង៥៖កែលម្អអនាម័យគ្រួសារក្រីក្រ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា សម្រាប់ដំណាក់ទី១ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ទទួលបានជោគជ័យ ដោយសម្រេចបានប្រមាណ៥៧% លើផែនការចំណុចដៅ៦៤% ដូច្នេះសម្រាប់ដំណាក់កាលទី២ (២០១៩-២០២៣) មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងខិតខំសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធនានាទាំងអស់ ដើម្បីអនុវត្តផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនេះ ឲ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបានជោគជ័យទៅតាមគោលដៅដែលបានកំណត់ ជាពិសេសឆ្លើយតបទៅនឹងផែនការ សកម្មភាពថ្នាក់ជាតិរបស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ហែម ឫទ្ធី បានលើកឡើងថា ការបើកសិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងធ្វើការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ មានភាពល្អប្រសើរឡើង និងប្រកបដោយនិរន្តភាពនៅគ្រប់មូលដ្ឋានទូទាំងខេត្តប៉ៃលិន ព្រមទាំងចូលរួមចំណែកក្នុងការគាំទ្រ ដល់ការអនុវត្តគោល នយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ហើយម្យ៉ាងវិញទៀត ការធ្វើផែនការសកម្មភាពនេះ នឹងចូលរួមចំណែកក្នុងការសម្រេចបាននូវទស្សនៈវិស័យ «នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ ជនបទត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព» ទៀតផង។
សូមបញ្ជាក់ថា គោលគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ថា ស្ថិតក្នុងដំណាក់កាលទី២ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ឆ្នាំ២០១៩-២០២៣ នេះ គឺកំណត់ឲ្យប្រជាពលរដ្ឋ៩០% ទូទាំងប្រទេសរួមទាំង ទីជនបទដាច់ស្រយាល ទទួលបានការផ្គត់ផ្គង់ទឹកស្អាត មានការកែលម្អលើការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវរួមជាមួយការអនុវត្តការលាងដៃ ជាមួយសាប៊ូ និងកំណត់ឱ្យប្រជាពលរដ្ឋ ៥០% ទទួលបានការប្រើប្រាស់ទឹកសុវត្ថិភាពតាមរយ:ការបន្សុទ្ធទឹកបែបវិធីសាស្រ្តសមស្រប នៅឆ្នាំ២០២៥៕