(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ (UN) ឱ្យចំណាត់ថ្នាក់លេខ២៩ នារីលេខ១៧ ក្នុងចំណោម១២២ប្រទេស ដែលបានចាត់កងកម្លាំង ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ដែលបានដឹកនាំក្រុមការងារមកជួបធ្វើសវនការ ក៏ដូចជាបង្ហាញខ្លួន នៅដើមអាណត្តិទី៦ ឆ្នាំ២០១៨នេះ នៅសាលប្រជុំក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានចំនួន ៥,៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តមិនរាថយឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវនេះ បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ បើទោះបីជាកម្លាំងមួកខៀវកម្ពុជាបានពលីជីវិតជាច្រើននាក់ ក្នុងអំឡុងពេលពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយនោះ។
នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា កងយោធពលខេមរភូមិន្ទ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់ជាពិសេសប្រទេសដៃគូរលើកិច្ចការមួយចំនួនដូចជា៖ កិច្ចការប្រឆាំងភេរវកម្ម សន្តិសុខលំហសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព ការបញ្ជូនគណៈប្រតិភូ នាយទាហានទទៅសិក្សានៅក្រៅប្រទេស និងផ្លាស់បទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍នបញ្ជាក់ថា ដើម្បីលើកកម្ពស់ការងារស្ត្រីនៅកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានតែងតាំងស្រ្តីឱ្យមានមុខងារជាថ្នាក់ដឹកនាំ និងរៀបចំឱ្យមានបណ្តាញការងារយេនឌ័រ ចាប់ពីថ្នាក់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ព កងរាជអាវុធហត្ថ និងស្ថាប័នកងឯកភាពផ្សេងៗទៀត៕