(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តំណាងលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានទៅប្រគល់គោយន្ដកន្ត្រៃយ៍ថ្មី០១គ្រឿង រួមជាមួយសម្ភារប្រើប្រាស់ផ្សេងៗទៀត សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
អំណោយជាគោយន្តកន្ត្រៃយ៍នេះ ត្រូវបានប្រគល់ជូនលោកវរសនីយ៍ទោ ជា ថា អតីតយុទ្ធជន និងជាអតីតមេបញ្ជាការវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកវរសនីយ៍ទោ ជា ថា មានក្តីរំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដែលបានផ្តល់ជូនគាត់ក្នុងនាមជាអតីតយុទ្ធជន ដែលធ្លាប់លះបង់សាច់ស្រស់ ឈាមស្រស់ប្រយុទ្ធលើសមរភូមិក្នុងសម័យសង្គ្រាមកន្លងមកដើម្បីបុព្វហេតុជាតិ និងប្រជាជន ហើយស្មោះត្រង់ដាច់ខាតចំពោះសម្តេចតេជោ ហ៊ុន សែន៕