(បាត់ដំបង)៖ ក្រុមមន្រ្តីជំនាញមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងរណ្តៅដីមួយកន្លែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ និងរកឃើញថា ជីកជ្រៅលើសច្បាប់កំណត់ រួចបានធ្វើកំណត់ហេតុផ្អាកសកម្មភាពរណ្តៅដីរបស់លោក ហេង អេង ជាបណ្តោះអាសន្នមួយរយៈសិន ដោយធ្វើការផាកពិន័យតម្លៃ «សួយសារ» គុណនឹង២ ក្នុង១ម៉ែត្រ១ការ៉េ ហើយតម្រូវឲ្យយកអាចន៍ដីលប់ រណ្តៅនោះឲ្យស្មើ៥ម៉ែត្រវិញ។
លោក ហ៊ឺ ដាវី អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឲ្យដឹងថា លោកបានដឹកនាំក្រុមការងារចម្រុះដោយមានអាជ្ញាធរមូលដ្ឋាន ចូលរួមផងនោះ គឺចុះមកត្រួតពិនិត្យទីតាំងជាក់ស្តែង និងធ្វើកំណត់ហេតុឲ្យលោក ហេង អេង ម្ចាស់រណ្តៅដីរូបនេះ ផ្អាកសកម្មភាពជីដីបន្តទៀត ហើយបន្តធ្វើការវាស់វែង រកឃើញម៉ែត្រក្រឡាជាក់លាក់ដើម្បីធ្វើការផាកពិន័យតម្លៃ «សួយសារ» គុណនឹង២ ក្នុង១ម៉ែត្រ១ការ៉េ ហើយតម្រូវឲ្យយកអាចន៍ដីមកលប់រណ្តៅនោះ ឲ្យស្មើ៥ម៉ែត្រវិញ តាមច្បាប់កំណត់។
លោកអនុប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា បើតាមច្បាប់រណ្តៅដីមួយនេះ ត្រូវបានបិទឈប់ឲ្យជីកបន្តទៀតព្រោះវាលើសម៉ែត្រស្រាប់ទៅហើយ តែបើម្ចាស់ទៅសុំច្បាប់អាជ្ញាប័ណ្ណជីកកន្លែងផ្សេងទើបអនុញ្ញាតិឲ្យជីកបាន ហើយច្បាប់នោះគឺសុំនៅអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្ត ដោយមានការឯកភាពពីមន្ទីរបរិស្ថានខេត្ត និងមន្ទីររ៉ែ និងថាមពលខេត្ត ជាមន្ទីរជំនាញត្រួតពិនិត្យខាងបច្ចេកទេសឃើញថា មានទីតាំងណាសមរម្យមិន ធ្វើឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅនៅជុំវិញនោះទើបចេញអាជ្ញាបណ្ណ ឲ្យធ្វើអាជីវកម្មបានចេញដោយអភិបាលខេត្ត មានរយៈពេល១ឆ្នាំម្តង។
លោក ហ៊ឺ ដាវី បានបន្តថា ក្នុងនាមមន្ទីរជំនាញត្រូវចុះត្រួតពិនិត្យកន្លែងផ្សេងទៀតផងដែរ បើឃើញខុស គឺត្រូវអនុវត្តដូចគ្នា ហើយត្រូវធ្វើទៅតាមផ្លូវច្បាប់រដ្ឋ បានកំណត់។ ម្យ៉ាងវិញទៀត ដើម្បីផ្ទេរកិច្ចការមួយចំនួនទៅអង្គភាពច្រកចេញ ចូលតែមួយរបស់សាលាខេត្តបាត់ដំបង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានចេញលិខិតលេខ៣២១ រថ.បប ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្តីពីការជូនដំណឹងដល់អាជីវករ ក្រុមហ៊ុនដែលមានច្បាប់ ផុតសុពលភាព និងអត់ច្បាប់រកស៊ីជីកកាយយកអាចន៍ដី ដីក្រហមក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ស្នើបញ្ឈប់ ឬផ្អាកសកម្មភាពខាងលើជាបន្ទាន់ បើចង់បន្តសកម្មភាព ត្រូវមកដាក់ពាក្យសុំនៅអង្គភាពច្រកចេញ ចូលតែមួយនៅសាលាខេត្តបាត់ដំបងវិញ ចាប់ពីថ្ងៃចេញលិខិតនេះតទៅ។
តែម្យ៉ាងទៀតនោះគេរងចាំមើលថា មន្ទីរជំនាញចាត់វិធានការផ្លូវច្បាប់មានប្រសិទ្ធភាព បានកំរិតណាដែរ ព្រោះកន្លងមកមន្ទីរជំនាញបានត្រឹម តែចុះមកធ្វើកំណត់ហេតុ និងកិច្ចសន្យា១កន្លែងៗម្នាក់២ ទៅ៣ដងហើយ តែម្ចាស់អាជីវកម្មនីមួយៗ មិនដែលស្តាប់ និងគោរពច្បាប់ឡើយ៕